កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឃាត់ខ្លួនយុវជនម្នាក់ពីបទរំលោភក្មេងស្រីអាយុ១២ឆ្នាំ ក្នុងផ្ទះសំណាក់ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៨៖០០ នាទីល្ងាច ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២១ ក្រោយជនរងគ្រោះបានមកប្តឹងកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ។ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ក្មេងស្រីរងគ្រោះអាយុ ១២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ឪពុករបស់ជនរងគ្រោះបានប្តឹងឈ្មោះ សួង អរុណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កោ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រព្រឹត្តសកម្មភាពរំលោភទៅលើជនរងគ្រោះបានសម្រេចចំនួន១ដង កាលពីវេលាម៉ោង១២៖០០ នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ៣១១ ស្តិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបន្តថា ក្រោយពីបានទទួលបណ្ដឹងពីករណីនេះភ្លាម លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញបទបញ្ជាឱ្យចាត់ការជាបន្ទាន់តាមនីតិវិធី និងបានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៩៖០០ នាទីថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងអាវុធហត្ថក្រុងកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សួង អរុណ ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅចំណុចសណ្ឋាគារយីហោ ហេងហេង បន្ទប់លេខ៣១១ ស្តិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រួចកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។កម្លាំងជំនាញបានធ្វើតេស្តរកមេរោគកូវីដ-១៩ លើជនសង្ស័យ ហើយជាលទ្ធផល អវិជ្ជមាន និងធ្វើតេស្តរកសាធាតុញៀនលទ្ធផល វិជ្ជមាន ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕