ស្វាយរៀង៖ សមត្ថកិច្ចរកឃើញសពជនសង្ស័យជាប្ដីដែលកាប់ប្រពន្ធរួចរត់ទៅលោតទឹកបំណងគេចខ្លួន តែលង់ទឹកស្លាប់។យោងតាម លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថាកាលពីវេលាម៉ោង៨និង៥៧នាទីយប់ថ្ងៃទី៩ខែតុលាឆ្នាំ២០២១ នៅចំណុចភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីបានប្រើហិង្សាយកដាវកាប់ចំនួន២ដាវដោយមូលហេតុស្រវឹងស្រាមានជម្លោះពាក្យសំដី។លោកបានឲ្យដឹងទៀតថាស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី អាយុ៤២ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ចំណែកជនសង្ស័យមានឈ្មោះម៉ៅ ភារុន អាយុ៣៧ឆ្នាំមុខរបរ កសិករមានទីលំនៅ ភូមិឃុំកើត ខាងលើបន្ទាប់ពីធ្វើសកម្មភាពរួចបានយកវត្ថុតាងដាវបានរត់ទៅខាងក្រោយផ្ទះផ្លោះរបង លោតចូលក្នុងស្ពានព្រែកតាសួស ខណៈដែលទឹកកំពុងហូរខ្លាំងហើយក៏បាត់ខ្លួនតែម្តង។
លោកអធិការបន្តថានៅថ្ងៃទី១០ខែតុលាឆ្នាំ២០២១នេះសមត្ថកិច្ចបានតាមរុករកជនសង្ស័យនិងទំនាក់ទំនងសាច់ញាតិបងប្អូនដើម្បីសាកសួរព័ត៌មានដែរ តែរកមិនឃើញ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានចុះរាវរកជនសង្ស័យនៅក្នុងទឹកព្រែកស្ពានតាសួស រហូតរកឃើញនៅវេលាម៉ោង១០ ព្រឹកថ្ងៃដដែលនេះ។លោកអធិការបានបញ្ជាក់ថាជនសង្ស័យដែលកាប់ប្រពន្ធនេះធ្លាប់ធ្វើសកម្មភាពវាយតប់ប្រពន្ធជាច្រើនលើកច្រើនសារមកហើយ តែលើកនេះឈានដល់ប្រើអំពើហិង្សាកាប់ប្រហារធ្វើឲ្យប្រពន្ធរបស់ខ្លួនរងរបួសយ៉ាងដំណំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។លោក ពិន អាន បានបន្តថាក្រោយពីរកឃើញសាកសពជនសង្ស័យដែលកាប់ប្រហារប្រពន្ធរួចហើយសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការមួយដែលមានការចូលរួមពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យដើម្បីធ្វើកោសល្យវិច័យផងដែរ ក្នុងនោះសមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។សាកសពជនសង្ស័យត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតែខាងសាច់ញាតិឪពុកម្ដាយមិនទទួលយក ដូច្នេះសមត្ថកិច្ចនិងអាជ្ញាធរបានសម្រេចធ្វើការបញ្ចុះសពនៅវត្តតាសួស ស្រុកស្វាយជ្រំ ៕