ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះជាពូប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយផឹកស៊ីជាមួយគ្នា បែរជាក្មួយយកម៉ូតូពូទៅបញ្ចាំ បានលុយ៣០០ដុល្លារ ហើយព្យាយាមរត់គេចខ្លួនបាន៣ថ្ងៃ ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ផាត់ សុភ័ក្ត្រ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះមានឈ្មោះ មៀច ម៉ាន់ អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ត្រូវជាពូរបស់ជនសង្ស័យ។
ក្នុងនោះ បុរសជាពូដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គាត់បានទៅកម្មវិធីបង្កក់ក្មួយនៅក្នុងបុរីមួយកន្លែង នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បានហូបចុកជាមួយជនសង្ស័យជាក្មួយ។ ពេលនោះជនសង្ស័យជាក្មួយក៏បានយកម៉ូតូរបស់គាត់ ទៅបាត់ ដោយមិនដឹងថា ទៅណានោះទេ បាត់សូន្យឈឹង៣ថ្ងៃ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យបានខលតាមទូរស័ព្ទប្រាប់ថា ខ្ញុំយកម៉ូតូពូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ បានលុយចំនួន៣០០$ ហើយក៏បាត់ខ្លួនទៀត ។ រហូតដល់ថ្ងៃទី២៨ ខែឆ្នាំដដែល ជនរងគ្រោះជាពូបានតេទូរសព្ទឲ្យក្មួយ នាំទៅយកម៉ូតូវិញ ដោយកុហកថាមិនប្ដឹងប៉ូលិសឡើយ។ពេលនោះជនសង្ស័យជាក្មួយ បានត្រឡប់មកផ្ទះវិញ ដើម្បីនាំពូទៅយកម៉ូតូ ដែលបញ្ចាំនៅផ្សារឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក តែទៅដល់ក៏ត្រូវនគរបាលប៉ុស្តិ៍ដង្កោ ឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានយកម៉ូតូពូទៅបញ្ចាំ ដើម្បីយកលុយមកទិញគ្រឿងញៀនជក់។ សមត្ថកិច្ចក៏បានទាក់ទងទៅខាងឪពុកម្ដាយរបស់ជនសង្ស័យ ដើម្បីមកសម្របសម្រួលជាមួយជនរងគ្រោះដែលត្រូវជាពូ តែឪពុកម្តាយរបស់ជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ចុះ ព្រោះកូនរបស់គាត់បង្កភាពវឹកវរក្នុងគ្រួសារច្រើនមកហើយ ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕