ភ្នំពេញ:កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទំនាស់យកថ្មសម្លៀងកាំបិតវាយបណ្តាលឲ្យរបួសក្បាល ប្រព្រឹត្តនៅចំណុចមាត់ប្រឡាយទឹកស្អុយ ផ្លូវលំមាត់ប្រឡាយ ភូមិ០៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គឺ គឹមយិន ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ០៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
ជនសង្ស័យឈ្មោះ សុខ ស្រីណូ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់បន្លែតាមរ៉ឺម៉កម៉ូតូ។មុនពេលកើតហេតុជនសង្ស័យបានលក់បន្លែតាមរ៉ឺម៉កម៉ូតូ នៅចំណុចមាត់ប្រឡាយទឹកស្អុយនៅចំណុចកើតហេតុ ពេលនោះជនរងគ្រោះបានមកទារលុយពីជនសង្ស័យ ដែលជំពាក់ចំនួន១០,០០០០រៀល ក៏មានទំនាស់ពាក្យសំដីគ្នា ខណ:នោះជនសង្ស័យបានយកថ្មសម្លៀងកាំបិតវាយជនរងគ្រោះ បណ្តាលឲ្យរបួសក្បាលចំហៀងខាងស្តាំចំនួន០១កន្លែង ហើយជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រហូតដល់វេលាម៉ោង៧និង៣០នាទី ទើបជនរងគ្រោះបានមក ដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមច្បាប់ បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្លូវលំមាត់ប្រឡាយភូមិ០៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕