សេអ៊ូល៖ អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មានដល់២,៤៣៤នាក់ដោយបានបំបែកកំណត់ត្រាចាស់កាលពីខែមុន ខណៈដែលប្រទេសនេះកំពុងញាំញីដោយរលកឆ្លងដែលបានចាប់ផ្តើមកាលពីដើមខែកក្កដា។
អត្រាស្លាប់ដោយជំងឺកូវីដ-១៩និងករណីធ្ងន់ធ្ងរនៅតែមានកម្រិតទាបដោយសារមានការចាក់វ៉ាក់សាំងដែលផ្តល់អាទិភាពឲ្យមនុស្សវ័យចំណាស់ដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តន៍ទៅជាធ្ងន់ធ្ងរក្រោយឆ្លងជំងឺនេះ។
អាជ្ញាធរកូរ៉េខាងត្បូងបានណែនាំឲ្យអ្នកដែលត្រឡប់មកពីថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃក្នុងសប្តាហ៍នេះធ្វើតេស្តិ៍រកវីរុសកូវីដ-១៩បើទោះបីជាមានរោគសញ្ញាតិចតួចក៏ដោយ ជាពិសេសមុនពេលចូលធ្វើការវិញ។អនុរដ្ឋមន្រ្តីទទួលបន្ទុកគោលនយោបាយសុខភាពកូរ៉េខាងត្បូងលោក លី គីអ៊ីល (Lee Ki-il) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩អាចនឹងបន្តកើនឡើងហើយឈានដល់កម្រិតខ្ពស់បំផុតនៅសប្តាហ៍ក្រោយដោយសារពលរដ្ឋកាន់តែច្រើនបានធ្វើតេស្តិ៍ក្រោយថ្ងៃឈប់សម្រាក។
គួរបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២៩៥,១៣២នាក់និងមានអ្នកបាត់បង់ជីវិតសរុបចំនួន២,៤៣៤នាក់៕