ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងលេងបាល់ទះ និងស្នុកឃ័រ មួយកន្លែងលួចបើកឲ្យអ្នកស្នេហាកីឡាប្រមូលផ្តុំគ្នា ចូលលេង ដោយផ្ទុយទៅនឹងវិធានការរដ្ឋបាល សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សចំនួន៣១នាក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលសាលារាជធានីភ្នំពេញ បន្តដាក់ចេញនូវវិធានការរដ្ឋបាល បម្រាប ហាមឃាត់ ការប្រមូលផ្តុំគ្នាច្រើន អាជីវកម្មប្រឈមហានិភ័យ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ តែផ្ទុយទៅវិញ ទីតាំងតារាងបាល់ទះមួយកន្លែងស្ថិតនៅក្នុងដំណាក់ សង្កាត់គោកឃ្លាង លួចបើកដំណើរការ ឲ្យមនុស្សប្រមូលផ្តុំ ចូលលេងបាក់ទះ ស្នុកឃ័រ ទើបនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ចុះទៅបង្ក្រាប ឃាត់មនុស្សចំនួន៣១នាក់ ។
មនុស្សទាំង៣១នាក់ ក្រោយពីកម្លាំងចម្រុះឃាត់ សមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការអប់រំ ចំណែកម្ចាស់ទីតាំងត្រូវបានណែនាំធ្វើកិច្ចសន្យាបញ្ឈប់ដំណើរការបើកអាជីវកម្ម រងចាំសម្រេចជាក្រោយ ៕