អាជ្ញាធរវៀតណាមបានព្រមាននៅថ្ងៃចន្ទនេះពីហានិភ័យនៃទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិកកុនសុន (Conson) ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបណ្តាលមកពីព្យុះនេះបានសម្លាប់មនុស្សម្នាក់ បំផ្លាញផ្ទះចំនួន ៣១ ខ្នង និងជន់លិចផ្ទៃដីស្រូវជាង ១ ពាន់ហិកតា នៅភាគកណ្តាលប្រទេសវៀតណាម ។
ទីភ្នាក់ងារអាកាសធាតុរបស់វៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពីតំបន់ Quang Binh ដល់តំបន់ Quang Ngai និងតំបន់ Kon Tum កំពុងប្រឈមនឹងការបាក់ដី និងទឹកជំនន់” ។
កាលពីសប្តាហ៍មុន អាជ្ញាធរបានដាក់ទាហាន ៥០ ម៉ឺននាក់ឲ្យប្រុងជើងការសម្រាប់ផែនការជម្លៀស និងបានបញ្ជាឲ្យកប៉ាល់បន្តនៅកំពង់ផែ នៅពេលដែលប្រទេសនេះបានត្រៀមសម្រាប់ការមកដល់របស់ព្យុះត្រូពិកកុនសុន (Conson) ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមងាយរងគ្រោះពីព្យុះ និងទឹកជំនន់ ដោយសារជួរមាត់សមុទ្រវែង ខណៈគ្រោះធម្មជាតិដូចជា ទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយព្យុះ បានសម្លាប់មនុស្ស ៣៧៩ នាក់ និងរបួស ១,០៦០ នាក់ផ្សេងទៀតនៅក្នុងប្រទេសកាលពីឆ្នាំមុន ៕