ភ្នំពេញ៖មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចឃ្លាំងស្តុកគ្រឿងចក្រ តាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះវ៉ែន វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះចំពោះមូលហេតុ នៃការឆាបឆេះឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញរោងឈើប្រក់ស័ង្កសី ដែលមានទំហំ២ម៉ែត្រគុណនឹង៦ម៉ែត្រ អស់ចំនួន១ខ្នង, ឆេះសម្ភារៈគ្រឿងបន្លាស់គ្រឿងចក្រ ក្នុងទូរកុងតឺន័រ ទំហំ២ម៉ែត្រគុណនឹង៦ម៉ែត្រអស់ចំនួន ១ទូរ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើរ២០ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹក អស់១ឡាន ស្មើរ ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង៕