ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនិងគ្រឿងម៉ាស៊ីនត្រជាក់បានសម្រេច នៅចំណុចផ្ទះ ណូគារ តាមបណ្ដោយផ្លូវ២០០៤ កែងនឹងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ ជាមុខសញ្ញាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង គ្រឿងម៉ាស៊ីនត្រជាក់ និងរបស់របរផ្សេងទៀត នៅចំណុចទីតាំងកើតហេតុខាងលើជាញឹកញាប់ តែកម្លាំងសមត្ថកិច្ចតាមចាប់មិនបាន។លុះដល់ថ្ងៃកើតហេតុខាងលើ សមត្ថកិច្ចបានដាក់កម្លាំងត្រៀមព័ទ្ធចាប់ ដោយដឹងថា ជនសង្ស័យបានមកធ្វើសកម្មភាពលួចទៀត ទើបកម្លាំងសមត្ថកិច្ចធ្វើការដេញចាប់រហូតដល់ចំណុចស្ពានប្រឡាយលូទឹកស្អុយ ធ្វើការឃាត់ខ្លួនបាន៣នាក់ភ្លាមៗ បន្ទាប់មកសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងសួរនាំជនសង្ស័យ បានឈានទៅដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមនឹងម៉ូតូមួយគ្រឿង។ ពេលសមត្ថកិច្ច ធ្វើការឆែកឆេរនៅក្នុងការ៉ុងដាក់នៅក្នុងរឺម៉ក ឃើញមានខ្សែភ្លើងនិងគ្រឿងម៉ាស៊ីនត្រជាក់មួយចំនួន និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួនផងដែរ។ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីធ្វើការសាកសួរ ចាត់ការទៅតាមនីតិវិធី៕