ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានដាក់ចេញនូវផែនប្រឡងប្រណាំងបង្កើតស្នាដៃ ដើម្បីជំរុញការអភិវឌ្ឃកសាងអង្គភាព និងការងារបង្កបង្កើនផលចិញ្ចឹមសត្វ ឲ្យក្លាយជាចលនាមួយដ៏រស់រវើក ក្រោមការច្នៃប្រឌិតខ្ពស់របស់នាយការិយាល័យ-ស្ថាប័ន វរសេនាតូចចំណុះ ដើម្បីឲ្យកងទ័ពធានាបាននូវការហូបចុកប្រចាំថ្ងៃមានភាពល្អប្រសើរ បន្ថែមពីលើគោលរបបឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនដល់កងកម្លាំងជួរមុខព្រំដែន។
តាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១ ក្រៅពីភារកិច្ចស្នូល និងការងារអន្តររាគមន៍ចុះជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើវិស័យការងារកសាងអង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វបានយ៉ាងផុលផុស និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ៕