សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីលផ្លោងដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមានទម្ងន់រហូតដល់៣តោន ខណៈដែលគេបានបង្ហាញសំណើកញ្ចប់ថវិកាដែលមានគោលដៅពង្រឹងការការពារប្រឆាំងនឹងកូរ៉េខាងជើង។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយក្នុងផែនការការពារជាតិឆ្នាំ២០២២-២០២៦ថា គេនឹងអភិវឌ្ឍមីស៊ីលថ្មីៗដែលមានកម្លាំងវាយប្រហារខ្លាំងគួរឲ្យកត់សម្គាល់, ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពារមីស៊ីល និងដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់ថ្មីប្រឆាំងនឹងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «យើងនឹងអភិវឌ្ឍមីស៊ីលដែលអាចវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយ និងចំគោលដៅកាន់តែច្បាស់ដើម្បីការពារសន្តិសុខនិងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។»
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់ពីប្រភពមិនបញ្ចេញឈ្មោះថា ក្នុងចំណោមមីស៊ីលទាំងនោះគឺជាអាវុធថ្មីមួយដែលអាចវាយប្រហារក្នុងចម្ងាយ៣៥០-៤០០គីឡូម៉ែត្រ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមានទម្ងន់រហូតដល់៣តោន ហើយត្រូវបានអភិវឌ្ឍឡើងដើម្បីបំផ្លាញទីតាំងក្រោមដីដែលគេជឿថាជាអ្វីដែលកូរ៉េខាងជើងប្រើជាកន្លែងស្តុកទុកអាវុធនុយក្លេអ៊ែរ។
សូមរម្លឹកថា នៅក្នុងឆ្នាំ២០២០កូរ៉េខាងត្បូងបានបង្ហាញមីស៊ីលផ្លោងរយៈចម្ងាយខ្លីថ្មីរបស់គេប្រភេទ យុនមូ-៤ (Hyunmoo-4) ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់២តោន ខណៈដែលកាលពីខែមីនា កូរ៉េខាងជើងក៏បានសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលគេនិយាយថាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់២.៥តោនផងដែរ។
មីស៊ីលប្រភេទ យុនមូ-៤ (Hyunmoo-4) គឺជាមីស៊ីលដ៏ធំបំផុតរបស់កូរ៉េខាងត្បូង៕