វ៉ាស៊ីនតោន៖ បើយោងតាមសារព័ត៌មាន Reuters បានដកស្រង់សេចក្តីប្រកាសរបស់អាមេរិកចេញ ផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ ខណៈប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានគេចាត់ទុកថា ជាភាពចលាចលខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ផ្លូវអាកាស នៅក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ ។
ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ ហ្វ្រេង ម៉ាកគែនហ្ស៊ី (Frank McKenzie) មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក បានប្រកាសថា «មានរឿងគួរឲ្យសោកសង្រេងជាច្រើន បានកើតមានឡើងនៅក្នុងដំណើរការជម្លៀសនោះ ។ យើងមិនអាចនាំយកមនុស្សគ្រប់គ្នាតាមដែលយើងចង់ ឲ្យចេញមកជាមួយយើងនោះឡើយ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើយើងមានពេលតែ ១០ថ្ងៃទៀតនោះ យើងនឹងអាចនាំយកគ្រប់គ្នាឲ្យចេញមកបាន» ។
សូមជម្រាបថា មនុស្សសរុបជាង ១២២,០០០នាក់ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន តាមរយៈអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Kazai) នៃទីក្រុងកាប៊ុល តាំងតែពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ គឺមួយថ្ងៃមុនក្រុមតាលីបង់ ចូលមកគ្រប់គ្រងទីក្រុងកាប៊ុលទាំងស្រុង ។ ការជម្លៀសមនុស្សចេញយ៉ាងតក់ក្រហល និងឈានទៅរកភាពចលាចលបំផុតនេះដោយសារក្រុមតាលីបង់ បានទន្ទ្រានគ្រប់គ្រងទីក្រុងកាប៊ុល និងប្រទេសអាហ្វហ្គានីស្ថានទាំងមូល លឿនរហ័សខ្លាំងពេកដោយក្នុងនោះមនុស្សជិត ២០០នាក់ក៏បានបាត់បង់ជីវិតផងដែរ (១៣នាក់ជាងកងទ័ពអាមេរិក) នៅក្នុងការវាយប្រហារសងសឹកគ្នារវាងបណ្តាញ ISIS និងកងទ័ពសហរដ្ឋអាមេរិក ៕