ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូ ក្នុងកម្រិតខ្លាំងជាមួយ និងប្រព័ន្ធសម្ពាធទាបចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដោយនៅថ្ងៃទី២-៤ និងថ្ងៃទី៧ ខែកញ្ញ នឹងមានឥទ្ធិពលបន្ថែមគឺខ្យល់សមុទ្រ Breeze ។ នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី ៣១ សីហា ឆ្នាំ២០២១ ។
ក្រសួងបានឲ្យដឹងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះអាចនូវភូមិសាស្ត្រមួយចំនួនក្នុងតំបន់នេះ មានជំនន់ទឹកភ្លៀងកើតឡើង ។
ចំពោះបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºCនិងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុង ផ្ទៃសមុទ្រ ពិសេសក្បែរបណ្ដាកោះ រំលកសមុទ្រនឹងអាចកើតមានឡើងក្នុងកម្រិតមធ្យម ។
ទន្ទឹមនឹងនេះក្រសួងធនធានទឹក និងឧតុនិយម សូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតឡើងជាយថាហេតុណាមួយ ៕