អាមេរិក៖នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះសារព័ត៌មាន CNN បានចេញផ្សាយថា ព្យុះហឺរីខិន អាយដា (Ida) ដែលជាព្យុះហឺរីខិនកម្រិតទី ៤ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ ល្វីស្យាណា (Louisiana) សហរដ្ឋអាមេរិក ដោយបានបង្កឲ្យមនុស្សម្នាក់ស្លាប់ និងជាង១លាននាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ ។
ប្រភពខាងលើនេះបានឲ្យដឹងថា ព្យុះហឺរីខិន Ida បានបក់បោកចូលមកដល់រដ្ឋ Louisiana ជាមួយសម្ពាធខ្យល់ខ្លាំង ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ពេលឆ្លងកាត់ឆ្នេរសមុទ្រ ហ្គឹហ្វ ខូសត៍ (Gulf Coast), រដ្ឋ Louisiana ភាគអាគ្នេយ៍, ឆ្នេរសមុទ្ររដ្ឋ មីស៊ីស៊ីពពី (Mississippi) និងរដ្ឋអាឡាបាម៉ា (Alabama) ភាគនិរតី នៃសហរដ្ឋអាមេរិក ។ អាជ្ញាធរទីក្រុង ញូអូលីនស៍ ( New Orleans) នៃរដ្ឋ Louisiana បានប្រាប់ឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងផងដែរ ដោយប្រជាជនមួយចំនួន បានឡើងទៅលើដំបូលផ្ទះ ដើម្បីរង់ចាំការជួយសង្គ្រោះ។ អាជ្ញាធរកំពុងតែព្យាយាម ទៅជួយប្រជាជនដែលជាប់គាំងក្នុងគ្រោះទឹកជំនន់នោះ តាមរយៈទូកសង្គ្រោះ ។
សូមជម្រាបថា ក្រោយរងផលប៉ះពាល់ខ្លាំងពីព្យុះហឺរីខិនអាយដា ត្រូវបានចាត់ទុកថា មានកម្រិតខ្លាំងក្លាបំផុតដូចទៅនឹងព្យុះ ឡូរ៉ា (Laura) ដែលបានបោកបក់រដ្ឋភាគអាគ្នេយ៍អាមេរិកមួយនេះកាលពីឆ្នាំ២០២០ និងព្យុះហឺរីខិន ឡាសត៍ អាយស៍លែន (Last Island) កាលពីឆ្នាំ១៨៥៦ ៕