កាប៊ុល៖ ក្រុមតាលីបង់បានថ្កោលទោសចំពោះ ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា វាជាអំពើខុសច្បាប់ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្ត នៅក្នុងប្រទេសដទៃទៀត ។ នេះបើយោងតាមអ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) ដែលចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។
លោក Zabihullah Mujahid បានគូសបញ្ជាក់ថា «យើងថ្កោលទោសចំពោះការវាយប្រហារបែបនេះ ព្រោះវាជាអំពើខុសច្បាប់ ក្នុងការធ្វើសកម្មភាពវាយប្រហារតាមអំពើចិត្ត នៅក្នុងប្រទេសដទៃទៀត។ ប្រសិនបើមានការគំរាមកំហែងណាមួយ ដែលអាចកើតមានឡើង វាគួរតែត្រូវបានរាយការណ៍មកយើង មិនមែនជាការវាយប្រហារតាមអំពើចិត្ត ដែលបណ្តាលឱ្យមានជនស៊ីវិលបាត់បង់ជីវិតនោះទេ» ។
សូមជម្រាបថា បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតនៅមុខអាកាសយានដ្ឋានទីក្រុងកាប៊ុល យោធាអាមេរិក បានបើកការវាយប្រហារដោយយន្តហោះដ្រូន នៅក្នុងទីក្រុងកាប៊ុល ដោយមានគោលដៅលើរថយន្តរបស់ក្រុមដែលអះអាងថាខ្លួននៅពីក្រោយការរៀបចំឲ្យមានការបំផ្ទុះគ្រាប់បែកអត្តឃាត នោះ ។ ការវាយប្រហារពីយោធាអាមេរិកបានបណ្តាលឲ្យជនស៊ីវិលអាហ្វហ្គានីស្ថានមួយចំនួនស្លាប់ផងដែរ រួមមានទាំងកុមារ ៕