រតនៈគិរី៖ ស្រ្តីមានផ្ទៃពោះម្នាក់បានសម្រាលកូននៅតាមផ្លូវជាតិលេខ៧៨ ខណៈដែលស្វាមីរបស់គាត់ កំពុងតែឌុបម៉ូតូ ទៅមណ្ឌលសុខភាព បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ដែល បានកើតឡើង នៅព្រំប្រទល់ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី កាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើនេះមានឈ្មោះ ហេង ស្រីនាថ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ នៅថ្ងៃកើតហេតុ ប្រពន្ធប្រាប់ប្តីថា ឈឺពោះ។ រីឯប្តី ក៏ប្រញាប់ឌុបប្រពន្ធ ទៅមណ្ឌលសុខភាព លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រ្តីមានផ្ទៃពោះ ក៏បានឆ្លងទន្លេតាមផ្លូវតែម្តង ។
ភ្លាមៗនោះមានអ្នកភូមិ នាំគ្នា រត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះផងដែរ ។ ចំណែក អាជ្ញាធរឃុំ និងស្រុក បានបញ្ជាឲ្យខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យ ទៅជួយអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ។ លុះរថយន្តពេទ្យ មកដល់ ក៏នាំគ្នាជួយលើកស្ត្រី និងទារក ដាក់លើរថយន្ត យកទៅមណ្ឌលសុខភាពស្រុកកូនមុំភ្លាមៗតែម្ដង ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ ទាំងម្តាយ និងទាំងទារក ។
ជាមួយគ្នានេះស្វាមីរបស់ស្ត្រីខាងលើ និងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់អាជ្ញាធរឃុំ ស្រុក និងក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ស្វះស្វែងជួយអន្តរាគមន៍ យករថយន្តសង្រ្គោះ ដឹកស្រ្តីឆ្លងទន្លេ ទៅមណ្ឌលសុខភាព និងសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ៕