ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តបោះពួយយ៉ាងលឿនហើយរេចង្កូតមកម្ខាងផ្លូវ បុករះបង្គោលរបងបាក់អស់ជាច្រើនដើមធ្វើឱ្យ រថយន្តក្រឡាប់ផ្ងារជើងឡើងលើច្រងាងៗហើយម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គឺចំណុចខាងត្បូងទូរទស្សន៍ហង្សមាសប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត ឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-7101 ធ្វើដំណើរពីជើងទៅត្បូង បោះពួយក្នុងល្បឿនលឿនដូចហោះ
ខណៈមកចំណុចកើតហេតុដោយស្ថានភាពផ្កូវកោងផងនោះបណ្ដាលឲ្យរថយន្តរេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវទៅបុករះបង្គោលរបងប្រជាពលរដ្ឋបាក់អស់ជាច្រើនដើម ហើយរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ រីឯម្ចាស់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចខណ្ឌច្បារអំពៅ ចុះមកចំណុចកើតហេតុ តែមិនបានវាស់វែងស្ទូចយករថយន្តបង្កទៅទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅនោះទេ ហើយពេលអ្នកសារព័ត៌មានសួរទៅសមត្ថកិច្ចថាតើរថយន្តត្រូវយកទៅខាងណានោះ គាត់មិនបានឆ្លើយតបជាមួយអ្នកសារព័ត៌មាននោះទេបែរជាឡើងជិះម៉ូតូទៅបាត់ទៅ ។ បន្ទាប់មកក៏ស្រាប់តែមានរថយន្តស្ទូចឯកជនមួយគ្រឿង ចុះមកស្ទូចយករថយន្តបង្កចេញពីកន្លែងកើតហេតុបាត់ទៅ ៕