ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីៗនោះទេ យកខ្សែចងភ្ជាប់នឹងបង្កាន់ដៃមាត់ប្រឡាយស្ទឹងមានជ័យ បណ្តាលឲ្យបាត់បង់ជីវិត និងបង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយមាត់ប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ជាប់ព្រំប្រទល់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនងគ្រោះឈ្មោះ ប៉ែន តយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ត្រង់ចំណុចកើតហេតុ ហើយក៏ក្រឡេកមើលទៅមាត់ប្រឡាយ ស្រាប់តែប្រទះឃើញបុរសម្នាក់បានយកខ្សែពណ៌សចងភ្ជាប់នឹងបង្កាន់ដៃមាត់ប្រឡាយ ហើយមិនដឹងថា បាត់បង់ជីវិតតាំងពីពេលណានោះទេ ។ បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ទើបធ្វើឱ្យបងប្អូនប្រជាពលរដ្ឋផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះទៅពិនិត្យកន្លែងកើតហេតុតែម្តង ។
បន្ទាប់មកមានបងប្អូនប្រជាពលរដ្ឋម្នាក់បានបញ្ចាំងពិលមើលបុរសរងគ្រោះទើបស្គាល់ថា ជនរងគ្រោះឈ្មោះ តយនេះ ធ្លាប់ធ្វើជាប្រជាការពារភូមិ និងទៅប្រាប់សាច់ញាតិដែលត្រូវជាម្ដាយមីងបង្កើតដែលរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញឲ្យមកមើល ទើបដឹងថា ពិតជាសាច់ញាតិរបស់គាត់មែន ។ ចំណែកស្ត្រីជាម្តាយមីងបុរសរងគ្រោះបានឲ្យដឹងថា បុរសរងគ្រោះបានលែងលះប្រពន្ធអស់រយៈពេល២ឆ្នាំកន្លងមកហើយ ដោយមួយរយៈពេលនេះ បុរសរងគ្រោះបានចេញពីផ្ទះមកធ្វើការសំណង់នៅម្តុំកន្លែងកើតហេតុបានរយៈពេល២ថ្ងៃ ក៏ស្រាប់តែទទួលដំណឹងអកុសលបែបនេះតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងក្រុមគ្រូពេទ្យឱ្យចុះមកយកសំណាកជនរងគ្រោះ ដើម្បីឱ្យដឹងថា តើមានវិជ្ជមានជំងឺកូវីដ១៩ ឬអត់ ទើបប្រគល់សពបុរសរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕