ស្រុកបន្ទាយមាស៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម សេង សិរីបុត្រ អភិបាលរងខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តមួយចំនួន និងមន្ត្រីរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យការដាក់ប្រព័ន្ធលូ និងជួសជុលផ្លូវក្រាលក្រួសក្រហម (ប្លុកផ្សារកន្សោមអក) ក្នុងឃុំបន្ទាយមាសខាងលិច។
បន្ទាប់មកឯកឧត្តមប្រធាន និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យសកម្មភាពនៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ នៅទីតាំងចាក់វ៉ាក់សាំង (វត្តព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត) ។ នាឱកាសនោះ ឯកឧត្តមបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។ ក្នុងនោះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាចំនួន ៣.០០០.០០០រៀល ដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ចំនួន៧ទីតាំង ស្មើនឹង៩ក្រុម ក្នុងស្រុកបន្ទាយមាសទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន និងក្រុមការងារ ក៏បានបន្តដំណើរចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីគណបក្សមូលដ្ឋានឃុំបន្ទាយមាសខាងលិចផងដែរ៕