នៅទីបំផុតការប្រកួតបាល់ទាត់ Fulsal Asian 2021 ឬ ហៅថាការប្រកួតបាល់ទាត់លេងក្នុងសាល ដោយប្រើតារាងខ្លី ប្រើសំណាញ់ ហើយលេងម្ដង៥នាក់ បានរកឃើញក្រុមតំណាងជាតិជាផ្លូវការហើយ ដោយគណកម្មការបានផ្ដល់សិទ្ធិអោយក្រុមបាល់ទាត់មហាហង្ស ដែលជាក្រុមបាល់ទាត់ធ្លាប់ទទួលបានពានពីការប្រកួតនេះ កាលពីការប្រកួតក្នុងស្រុកកន្លងទៅ ជាអ្នកដឹកនាំកីឡាករ១៤រូប អោយចេញប្រកួត។ នេះគឺជាការប្រកួតអន្តរជាតិមួយដ៏ធំផងដែរ ខណៈដែលថៃធ្វើជាម្ចាស់ផ្ទះ ហើយកីឡាករមកពីប្រទេសជាច្រើនកំពុងត្រៀមខ្លួន។
លោក អ៊ិន សុភិន ប្រធានក្លិបបាល់ទាត់ តារាមហាហង្ស (Mohahang All Star FC) បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតផ្លូវការស្តីពីការប្រកួតប្រជែងជើងឯកបាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ាន «AFF Futsal Cup» ឬហៅថា «AFF Futsal Club Championship» ពីថ្នាក់ដឹកនាំកីឡារួចរាល់ កីឡាករក្នុងក្រុមរបស់លោកបានបង្កើននូវការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនក្នុងនាមជាតំណាងជាតិ។ លោកបង្ហាញឆន្ទៈយ៉ាងមុះមុតយ៉ាងថា ថ្បិតតែការដណ្ដើមពានមិនស្រួលដូចការប្រកួតក្នុងស្រុក តែលោកនឹងប្រឹងអោយអស់ពីសមត្ថភាព។ លោកថា បើទោះបីជាការប្រកួតអន្តរជាតិលើកនេះទទួលបានលទ្ធផលបែបណាក៏ដោយ ក៏យើងប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យអស់ពីសមត្ថភាពដែរ ដើម្បីដណ្តើមបាននូវកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូជូនជាតិរបស់យើង។ អ្វីដែលសំខាន់បំផុត គឺក្លិបបាល់ទាត់តារាមហាហង្សចង់បានស្នាដៃជូនប្រទេសកម្ពុជាយើង ក៏ដូចជាការលើកមុខមាត់ប្រទេសជាតិយើងពីលើឆាកអន្តរជាតិ និយាយរួមគឺប្រឹងប្រែងឲ្យបានជាដាច់ខាត ដើម្បីដណ្តើមនូវលទ្ធផលដ៏គាប់ប្រសើរជូនជាតិ។ លោកថា នេះជាឆ្នាំទី១ ដែលក្រុមតារាមហាហង្ស បានឱកាសបានក្លាយជាតំណាងជាតិ ហើយបើទោះជាមានការរំខានដោយកូវីត១៩តែលោក និង ក្រុមទាំងមូល ក៏នឹងអោយអស់ពីលទ្ធភាពដើម្បីមុខមាត់ប្រទេសទាំងមូល។ ការចេញទៅប្រកួតលើកនេះ គឺលោកនឹងដឹកនាំកីឡាករចំនួន១៤នាក់ និងប្រតិភូ គ្រូបង្វឹក៥នាក់ផ្សេងទៀត សរុប២១នាក់ ដោយក្រៅពីការហ្វឹកហាត់ត្រៀមខ្លួន ក៏មានការប្រយ័ត្នប្រយែងដើម្បីសុវត្ថភាពផងដែរ។
យោងតាមការប្រកាសរបស់សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានក្រុមចូលរួមប្រជែងចំនួន៦ក្រុមស្មើនឹង៦ប្រទេស ដោយការប្រកួតទាំងមូល គឺគ្រោងនឹងដំណើរការប្រកួត នាថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅ ខេត្ត នគររាជសីម៉ា ប្រទេសថៃ។ ប្រទេសទាំង៦ដែលចូលរួមនៅក្នុងការប្រកួតនេះ រួមមាន៖ ក្រុមPort FC (ថៃ), ក្រុមSahako (វៀតណាម), ក្រុម SKN Kabumen FC (ឥណ្ឌូណេស៊ី), ក្រុម Selangor (ម៉ាឡេស៊ី), ក្រុម MIU (មីយ៉ាន់ម៉ា) និង ក្រុម Mahahang All Star FC របស់កម្ពុជា។ កាលពីរដូវកាលមុន ក្រុមជើងឯក ដែលចេញទៅប្រកួតតំណាងកម្ពុជា គឺក្រុមដោនថោនស្ពតក្លិប ដែលពេលនោះមានក្រុមចូលរួមសរុបចំនួន៧ប្រទេស ហើយសម្រាប់លទ្ធផលគឺនៅមានកម្រិត។