ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា តូបលក់នំខេកមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនី ទើបបណ្ដាលឲ្យក្លាយជាអណ្តាតភ្លើងឆាបឆេះផ្អើលអស់សមត្ថកិច្ច ក៏ដូចជារថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចតូបលក់នំខេក យីហោ កូនពៅ Cake ដែលជិតនឹងស្តុបផ្សារថ្នល់បត់ផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែរៀបចំអ៊ីវ៉ាន់ចូលក្នុងផ្ទះ ពីព្រោះជិតដល់ម៉ោងបំរាមគោចរហើយនោះ ក៏តែឃើញមានហុយផ្សែង និងសំលេងផ្ទុះ ចេញពីក្នុងតូបលក់នំខេក យីហោ កូនពៅ cake ដែលម្ចាស់បានចាក់សោរពីក្រៅ អត់មានមនុស្សនៅនោះទេ។
ប្រភពដដែលបន្តថា ដោយឃើញសភាពការណ៍បែបនេះហើយ ពួកគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចដែលកំពុងតែដាក់គោលដៅអនុវត្តបំរាមគោចរនៅក្បែរនោះ អោយជួយចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដែលទុកប្រចាំការនៅសាលាខណ្ឌដង្កោ ចំនួន២គ្រឿង អោយជួយធ្វើការកាត់សោរទ្វារ ហើយបាញ់ទឹកពន្លត់អស់ទឹក១រថយន្ដ ទើបធ្វើអោយភ្លើងរលត់ទៅវិញ នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃដដែល។
ក្នុងហេតុការណ៍ខាងលើនេះដែរ គឺមិនបណ្ដាលឲ្យមានការឆេះរាលដាលដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដទៃនោះទេ គឺគ្រាន់តែខូចខាតអស់សំភារៈដែលនៅក្នុងតូបអស់ទាំងស្រុងតែប៉ុណ្ណោះ ។ ហើយករណីនេះផងដែរ គឺសមត្ថកិច្ចបានសង្ស័យថា មកពីទុស្សេខ្សែភ្លើង ទើបបណ្ដាលឲ្យមានការឆេះបែបនេះ ហើយណាមួយទីតាំងខាងលើ គឺមិនមានមនុស្សស្នាក់នៅនោះទេ គឺម្ចាស់បានចាក់សោរតូប ហើយក៏នាំគ្នាទៅសម្រាកនៅផ្ទះរបស់ខ្លួននៅពេលដល់ម៉ោងឈប់លក់ដូរផងដែរ។