ភ្នំពេញ៖ លោកឧកញ៉ា អ៊ុច សម្បតិ្ត ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាអ្នកជំនួញជោគជ័យមួយរូបមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញនៅក្នុងប្រទេសកម្ពុជា បានប្រើពាក្យមួយឃ្លាប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅ និងចាក់ដោតដួងចិត្តខ្លាំងណាស់ ដែលហាក់ដូចជាដំបងមួយវាយឲ្យអ្នកដែលភ្លេចខ្លួនភ្ញាក់ដឹងខ្លួននិងតម្រង់សកម្មភាពរបស់ខ្លួនដើរឲ្យត្រង់ និងឲ្យលឿងប្រញាប់ទៅរកគោលដៅជីវិតរបស់ខ្លួន ។បន្ទាប់ពីបានសង្កេតឃើញនូវចំណុចខ្វះខាត និងភាពខ្ជីខ្ជាមួយចំនួនដែលជាផ្នែកមួយនាំឲ្យបរាជ័យក្នុងជីវិត ទើបលោកឧកញ៉ា អ៊ុច សម្បត្តិ ដែលជាអ្នកមានបទពិសោធន៍យ៉ាងស៊ីជម្រៅក្នុងជីវិត ក៏ដូចជាវិស័យជំនួញបានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ថា «មានមេល្អហើយមិនចេះថែ មានគ្រូល្អហើយមិនព្រមរៀន មានអ្នកដឹកនាំល្អហើយមិនដើរតាមមានគំនិតល្អហើយ មិនយកទៅអនុវត្តន៍ ក្រហើយនឹងជំពាក់បំណុលគេ វាសមនឹងយើងហើយ»។
ថ្វីត្បិតតែការលើកឡើងខាងលើនេះជាពាក្យមួយឃ្លាដែលខ្លីប៉ុន្តែពិតជាមានន័យគ្រប់គ្រាន់សម្រាប់អ្នកដែលមានគោលដៅហើយបែជាភ្លេចខ្លួន មិនប្រញាប់ប្រញាលរលាស់ខ្លួនឲ្យចេញពីភាពខ្ជិលច្រអូស ភាពខ្ជីខ្ជា ភាពមិនវៀងវៃ និងភាពស្រពឹកស្រពន់ងោកងុយនឹងរឿងដែលមិនមានប្រយោជន៍ដែលធ្វើឲ្យខាតពេលវេលាជីវិតរបស់យើងម្នាក់ៗក្នុងការកសាងភាពជោគជ័យ ឆ្ពោះទៅរកអានាគត់ដ៏ភ្លឺស្វាង ។
សូមជម្រាបថា ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ លោកឧកញ៉ា អ៊ុច សម្បតិ្ត មិនមែនតែលើកនេះទេ ដែលបានបញ្ចេញនូវទស្សនគតិប្រកបដោយការអភិវឌ្ឍ កន្លងមកលោកតែងតែបង្ហោះនូវសារប្រកបដោយអត្ថន័យជាច្រើនដើម្បីជាការជំរុញទឹកចិត្ត និងដើម្បីចង្អុលបង្ហាញនូវតម្រុយត្រឹមត្រូវក្នុងមាគ៌ាគោលដៅជីវិត ពីព្រោះលោកជាអ្នកបណ្តុះបណ្តាល និងជាអ្នកជំរុញទឹកចិត្តមួយរូបប្រកបដោយសមត្ថភាពខ្ពស់ ដែលជួយបណ្តុះអ្នកជំនួញជំនាន់ក្រោយរាប់ម៉ឺននាក់រួចមកហើយ ៕