កណ្តាល: ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ នៅចំណុចរណ្តៅជីកយកអាចម៍ដី ដែលជារបស់ឈ្មោះ តា យ៉ាន ក្រោយភូមិស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
សពជនរងគ្រោះ(ជាមនុស្សញៀនស្រា) ឈ្មោះ ណក់ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរ ( នេសាទ ) ។
សភាពរឿងនៃហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ សេក ខៃ ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្តាយ បានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ឈ្មោះ សេក ខៃ និងកូនប្រុសបាននាំគ្នាហូបបាយ ពេលក្រោយមកឈ្មោះ ណក់ វុទ្ធី បានកាន់កាំបិតដើរតាមផ្លូវក្រោយទៅទិសខាងលិចបាត់ ។ លុះដល់ម៉ោង១៣និង២៥នាទី ឈ្មោះ ចាន់ ស្រីរត្ន័ បានរត់មកប្រាប់ថា អ៊ំកូនអ៊ំឯងឈ្មោះ ធីលង់ទឹកស្លាប់ហើយ លង់នៅអណ្តូងតា យ៉ាន ខាងលិចភូមិ ក្រោយសាលាវិទ្យាល័យកំពង់ភ្នំ ឮដូចនេះ ឈ្មោះសេក ខៃ ត្រូវជាម្តាយក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច និង រត់រកអ្នកជិតខាង ឲ្យទៅជួយរាវរកឃើញសព ក្នុងងរណ្តៅដីស្រះ រួចក៏ស្រង់យកសពមកផ្ទះតែម្តង ។
ក្រោយពីទទួលបានព័ត៌មាន ក្រុមការងារបានបង្កើតគណ:កម្មការពិនិត្យរួមមាន៖ កម្លាំងជំនាញពិនិត្យវិភាគស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ចុះទៅដល់ទីតាំង ធ្វើការពិនិត្យទៅលើសាកសព និងយកសំណាកដោយយកចិត្តទុកដាក់ ក្រោយពីពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយពុំមានស្លាកស្នាម អ្វីពាក់ព័ន្ធ និងបទល្មើសអ្វីឡើយ ហើយក៏មិនពាក់ព័ន្ធជំងឺកូវីដនោះដែរ ។
ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕