បាងកក៖ ថៃរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ-១៩ កើនឡើងរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ។ នេះបើយោងតាមក្រសួងសុខាភិបាលថៃដែលបានចេញរបាយការណ៍នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ។
ក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៦៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៦០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៧,៩២៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។
រហូតមកទល់ពេលនេះករណីឆ្លងសរុបនៅទូទាំងប្រទេសថៃចំនួន ៦៩៣,៣០៥ ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៦៦៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៧៣,៧៣២នាក់ ។ ទន្ទឹមនឹងនេះនាយករដ្ឋ មន្ត្រីថៃបានចាត់នូវវិធានការដើម្បីទប់ស្កាត់ការឆ្លងរីក រាលដាលនៃជំងឺនេះផងដែរ ប៉ុន្តែគេសង្កេត ឃើញថាតួលេខនៃករណីឆ្លងថ្មីកាន់តែកើនឡើងខ្ពស់ខ្លាំងជាងមុន ៕