ភ្នំពេញ៖ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា បានសន្យាថានឹងផ្តល់នូវឯកសារផ្លូវការស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំដែល ល្បីថាចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត ។
ការឆ្លើយតបសន្យារបស់ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃខាងលើនេះបានធ្វើឡើង ក្នងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាល ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដែលបានលើកឡើងអំពីករណីព័ត៌មានស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ។
បើតាមលោកជំទាវ ភឿង សកុណា ការស្នើរឲ្យភាគីថៃផ្តល់នូវព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ នេះដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្តសំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ ។
សូមជម្រាបថា ពាក់ព័ន្ធនឹងករណីសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំប្រទេសថៃនេះបានធ្វើឲ្យកក្រើក ពេញបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗកន្លងទៅនេះ ដោយសារតែសំណង់ប្រាសាទនេះល្បីថាមានការចម្លងតាមស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលនៅតែជាករនីចាប់អារម្មណ៍បំផុត របស់ប្រជាពល រដ្ឋកម្ពុជានៅឡើយ ៕