ភ្នំពេញ ៖ សកម្មភាពការងាររបស់អាជ្ញាធរចំពោះការស្តារប្រឡាយបឹងទំពន់ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការកកស្ទះផ្លូវទឹកពិសេសទឹកភ្លៀងក្នុងរដូវវស្សាក្នុងខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញពេលនេះបានបញ្ចប់រួចរាល់ហើយបន្ទាប់ពីខិតខំប្រឹងប្រែងស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាម និងស្មៅបណ្តែតទឹក បានជាង២៥០០ឡាន ស្មើនិងជាង១ម៉ឺន២ពាន់ម៉ែត្រគូប ។
បើតាមលោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះថា សកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់១០០ភាគរយហើយតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។ ប្រឡាយបឹងទំពន់នេះមានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី០៥ ខែមេសា ហើយបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ ១២០៥០ម៉ែត្រគូប ។
ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែងប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុងខណ្ឌចំការ មន និងខណ្ឌ៧មករា ។ ទន្ទឹមនឹងនេះលោកដួង ចាន់សារ៉ាត់សូមឲ្យឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់កុំបោះសំរាមចូលក្នុងប្រឡាយទឹកនាំឲ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ ៕