បាងកក៖ ស្របពេលដែលអាជ្ញាធរថៃមានភាពជឿងជាក់ថា ការចាក់វ៉ាក់សាំងលាយបញ្ចូលគ្នានឹងមានប្រសិទ្ធភាព បែជាកើតមាននូវករណីគួរឲ្យភា្ញក់ផ្អើលមួយដោយស្ត្រីគ្រូបបង្រៀនជនជាតិថៃវ័យ៣៩ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវីត ក្រោយបានចាក់វ៉ាក់ AstraZeneca ជាដូសទី២ ខណៈដូសទី១បានវ៉ាក់សាំង Sinovac ។ នេះបើយោងតាមសារព័ត៌មាន the Thaiger ចេញផ្សាយនៅទី២១ ខែកក្ដដា ឆ្នាំ២០២១ ។
បើទោះបីជាប្រទេសថៃជាប្រទេសមួយដែលកំពុងតែប្រឈមមុខខ្លាំងនឹងការរីករាលដាលយ៉ាងគំហុកនូវជំងឺកូវីដ-១៩នេះក្តី ក៏ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ថាមានអ្នកស្លាប់ដោយសារការចាក់វ៉ាក់សាំងលាយគ្នានេះនៅឡើយនោះទេ ប្រសិនបើនេះជាការពិត នោះវាជាករណីស្លាប់ដំបូងបំផុត ចាប់តាំងពីអាជ្ញាធរថៃអនុវត្តគោលការណ៍វ៉ាក់សាំងលាយគ្នា ។
ពាក់ព័ន្ធករណីនេះបុរសជាស្វាមីរបស់ស្ត្រីរងគ្រោះខាងលើថា ពួកគេមានអាការៈឈឺក្បាល និងក្តៅខ្លួនបន្តិចបន្តួចក្រោយពីបានចាក់វ៉ាក់សាំងរួចភ្លាម។ នោះដល់ពេលល្ងាចស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានអាការៈចង់ក្អួតចង្កោរខុសប្លែកពីធម្មតា ដោយនៅម៉ោងប្រមាណ ៧យប់នាងក៏បានស្លាប់បាត់ទៅ ។
បើទោះបីយ៉ាងណាក្តីបន្ទាប់ពីទទួលបានព័ត៌មាននេះខាងក្រុមការងារជំនាញនៅកំពុងសើបអង្កេតបន្ថែមនៅឡើយលើបញ្ហានេះ ខណៈស្រីជាគ្រូបង្រៀនដែលបានស្លាប់រូបនោះ មានជំងឺលើសឈាម ប្រចាំកាយស្រាប់ផង ។
សូមជម្រាបថា អាជ្ញាធរសុខាភិបាលថៃបានចេញគោលការណ៍ចាក់វ៉ាក់សាំងថ្មី ដោយតម្រូវឲ្យអ្នកដែលបានចាក់វ៉ាក់សាំង Sinovac នៅដូសទី១ នឹងត្រូវចាក់ AstraZeneca នៅដូសទី២។ គោលការណ៍ថ្មីនេះអាជ្ញាធរជឿជាក់ថា នឹងមានប្រសិទ្ធភាពកាន់ខ្ពស់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលក្នុងប្រទេសថៃ ៕