បាត់ដំបង៖ តារាចម្រៀង និងជាតារាកម្លែងនាយ ពាក់ មី រួមទាំងសប្បុរសជន បានប្រគល់ជូនថវិកាតាមយៈគ្រូពេទ្យចំនួន១០០០ដុល្លារដល់លោកតា និងលោកយាយដែលល្បីពេញបណ្តាញសង្គមថាស្រលាញ់គ្នាខ្លាំង ជួយយកទុកធុរគ្នា មើលថែមិនព្រមបែកគ្នា ប៉ុន្តែជាអកុសលលោកយាយបានចែកឋានលាចាកលោកតាទៅមុនហើយ ។
ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នេះមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាលោកយាយបានចែកឋានចោលលោកតាទៅហើយក្នុងជន្មាយុ ៨២ឆ្នាំ នៅវេលាម៉ោង ៤៖១៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះតែម្ដង។ លោកយាយ មានឈ្មោះថា ជឹម ជន ត្រូវជាភរិយារបស់លោកតា សាំង ម៉ោញ ដែលលោកតាមានអាយុ៨៧ឆ្នាំ ។
មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមថា «ពួកយើងខ្ញុំចូលទៅមើលល្ងាចមិញ ដោយនាំថវិកាចំនួន ១០០០ដុល្លារ ជាអំណោយលោក ពាក់មី និងសប្បុរសជន បានដឹងថាមិនស្រួលដែរ និងបានខិតខំជួយគាត់អស់ហើយ នៅតែមិនបានជោគជ័យ» ៕