អាហ្វ្រិកខាងត្បូង៖ បន្ទាប់ពីមានការចាប់ឃុំខ្លួនអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ពេលនេះប្រទេសអាហ្វ្រិកខាងត្បូងមួយនេះបានជួបប្រទះនូវភាពវឹកវរចលាចលជាខ្លាំងដោយក្រុមបាតុករបាននាំគ្នាធ្វើបាតុកម្មពេញទីក្រុងដោយនាំគ្នាវាយកម្ទេច និងដុតផ្សារទំនើបចោលយ៉ាងអនាធិបតេយ្យ ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះក្រមបាតុករ និងមន្ត្រីប៉ូលិសបានប៉ះទង្គិចគ្នាបង្កជាហិង្សារយ៉ាងកម្រោងបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ។ ក្រៅពីការប៉ះទង្គិចគ្នានេះ ក៏មានដែរក្រុមជនឆ្លៀតឱកាសលួចឆក់ប្លន់ដែលធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសមួយនេះធ្លាក់ចូលសភាពពិបាកគ្រប់គ្រង ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា ពាក់ព័ន្ធនឹងភាពចលាចលនេះរដ្ឋាភិបាលបានកំពុងចាត់វិធានការទប់ស្កាត់នូវរាល់សកម្មភាពបាតុកម្មនានាដោយក្នុងនោះរាប់ចាប់ពីខេត្ត KwaQulu Natal ដែលជាស្រុក កំណើតរបស់អតីតប្រធានាធិបតី Jacob Zuma រហូតដល់ក្រុង Johannes burg ដែលជាទីក្រុង ធំបំផុតនៃប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ រួមទាំងតំបន់មួយចំនួននៅជុំវិញខេត្ត Gauteng ។
បើតាមមន្ត្រីផ្នែកសន្តិសុខបានបញ្ជាក់ថា នៅថ្ងៃផ្ទុះបាតុកម្មយ៉ាងហិង្សារបន្ទាប់ពីចាប់ឃុំខ្លួនអតីតប្រធានាធិបតី Jacob Zuma មានមនុស្សប្រមាណ៧២នាក់បានស្លាប់ និង១២៣៤ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទធ្វើបាតុកម្មបង្កចលាចលក្នុងសង្គម ។ ទន្ទឹមនឹងនេះប្រទេសអាហ្វ្រិកខាងត្បូងមួយនេះក៏កំពុងស្ថិតក្នុងការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ផងដែរ ៕