ឡូសអាន់ជែលែស៖ ស្ថានភាពភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅអណ្តាតភ្លើងក្រហមច្រាលឆ្អៅ ផ្សែងខ្មួលខ្មាញ់ខ្មៅពេញផ្ទៃមេឃរួមទាំងអាកាសធាតុក្ដៅ នឹងកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងឡើងហើយនៅបណ្ដារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ដែលពេលនេះក្រុមអ្នកពន្លត់អគ្គិភ័យច្រើនជាង ១៤,០០០នាក់ កំពុងប្រយុទ្ធតស៊ូជាមួយអណ្តាតភ្លើងឆេះព្រៃជាង ៦០កន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទជាច្រើន ។
ភ្លើងឆេះព្រៃនេះត្រូវបានគេហៅថាBootleg Fire ក្នុងតំបន់ Klamath នៃរដ្ឋ Oregon គឺជាភ្លើងឆេះព្រៃធំបំផុត គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ដោយវាបានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៨៥៩គីឡូម៉ែត្រក្រឡា ។ រហូតដល់ពេលនេះអាជ្ញាធរបានព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដែលភ្លើងឆេះព្រៃ Bootleg Fire នឹងបន្តឆេះរាលដាលកាន់តែខ្លាំង ក៏ដូចជានឹងបង្កឱ្យអាកាសធាតុឡើងក្ដៅ នៅប៉ុន្មានថ្ងៃខាងមុខនេះថែមទៀតផង ។
ចណែកភ្លើងឆេះព្រៃឈ្មោះBeckwourth នៅតំបន់ភាគខាងជើងកាលីហ្វ័រញ៉ាឯណោះវិញគឺជាភ្លើងឆេះព្រៃធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយវាបានបំផ្លាញព្រៃឈើ លើផ្ទៃដីជាង ៣៨៥គីឡូម៉ែត្រក្រឡា ហើយគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យអាចគ្រប់គ្រងភ្លើងឆេះព្រៃនេះបានជាង ៧១% ហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺរលកម្ដៅបង្កឡើងដោយភ្លើងឆេះព្រៃ Beckwourth បានហក់ឡើងដល់ ៤០អង្សាសេឯណោះ ។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះរដ្ឋបាលលោក ចូ បៃដិនបានដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រ ដើម្បីទប់ទល់ភ្លើងឆេះព្រៃនៅតាមបណ្តារដ្ឋ ជាប់មហាសមុទ្រប៉ាស៊ីហ្វិករួចហើយដែរ ដោយលោកប្រធានាធិបតីអាមេរិករូបនេះបានព្រមានថា ភ្លើងឆេះព្រៃក្នុងឆ្នាំនេះ អាចនឹងអាក្រក់ជាងឆ្នាំមុនៗថែមទៀតផង ៕