តំបន់ត្រីកោណមាសដែលមានដូចជា (មីយ៉ាន់ម៉ា ថៃ និងឡាវ) គឺជាប្រភព គ្រឿងញៀនដ៏ធំនៅលើពិភពលោក ហើយក្នុងឆ្នាំ២០២១ មានការកើនឡើងនៃការផលិតគ្រឿងញៀននៅក្នុងតំបន់ទាំងនោះ។ ប្រទេសថៃបានរឹបអូស ថ្នាំគ្រាប់ដែលជាសារធាតុញៀនបានជាង ៨០ លាន មេហ្កា ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន A24។
ចំណែកអគ្គលេខាធិការគណៈកម្មាធិការប្រឆាំងគ្រឿងញៀនប្រទេសថៃ លោក វិឆៃ ចំរ៉ុង បានបញ្ជាក់ថា មិនមានកន្លែងផលិតគ្រឿងញៀននៅចិននោះទេ ប៉ុន្តែសារធាតុគីមីសម្រាប់ការផលិតត្រូវបានរត់ពន្ធឆ្លងកាត់ប្រទេសឥណ្ឌា និងចិន ដើម្បីបញ្ជូនទៅតំបន់ផលិតគ្រឿងញៀនជនជាតិភាគតិចក្នុងតំបន់ត្រីកោណមាស។ លោកបានសង្កត់ធ្ងន់ថា ការប្រតិបត្តិការរត់ពន្ធគ្រឿងញៀន គ្រប់ប្រភេទនៅតែបន្តឆ្លងកាត់ព្រំដែនបើទោះបីមានការខិតខំប្រឹងប្រែងពីសំណាក់គយ និងនគរបាលល្បាតព្រំដែនដើម្បីរារាំងប្រតិបត្តិការរត់ពន្ធក៏ដោយ។
មន្រ្តីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន បានបង្ហាញថា ការរត់ពន្ធនានា និងការរត់ពន្ធគ្រឿងញៀននៅតែបន្តនៅជុំវិញព្រំដែនប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ក្នុងរូបភាពទ្រង់ទ្រាយធំ ដោយលោកបានទទួលព័ត៌មានថាដុំគ្រីស្តាល់ជិត ១,៥ តោន ត្រូវបានរឹបអូសនៅ Shan State ភាគខាងកើតក្នុងតំបន់មួយដែលមានឈ្មោះថា Mong ទំនងជានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយបន្ទាប់មកទៅកាន់ប្រទេសដទៃទៀតប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការច្បាស់លាស់ទេនោះពលករចំណាកស្រុកនឹងត្រូវប្រឈមនឹងគ្រោះថ្នាក់ ហើយអាចត្រូវបានទាក់ទាញឱ្យអនុវត្ត ជាសកម្មភាពខុសច្បាប់ ទោះបីវាជាការរត់ពន្ធមនុស្ស ឬរត់ពន្ធគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនក៏ដោយ៕