ឥណ្ឌា៖ ក្នុងរយៈពេល២៤ម៉ោងតែប៉ុណ្ណោះគ្រោះថ្នាក់ធម្មជាតិបាតុភូតរន្ទះបាញ់បានសម្លាប់មនុស្សអស់ចំនួន៣៨នាក់ ក្នុងនោះមាន១១នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលថតselfie ខណៈពេលដែលកំពុងមានភ្លៀងធ្លាក់ ។ នេះបើយោងតាមអាជ្ញាធរឥណ្ឌាបានជម្រាបជូននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា មនុស្សចំនួន១១នាក់នៅភាគខាងលិចរដ្ឋ Rajasthan បានស្លាប់បាត់បង់ជីវិតដោយសារថតរូប selfie នៅជិតប៉មយាមបន្ទាយ នៅក្នុងកំឡុងពេលដែលមេឃកំពុងតែភ្លៀង ។ ចំណែកមនុស្ស៩នាក់បានស្លាប់ និងចំនួន២០ផ្សេងទៀតបានរងរបួសដោយសារបាតុភូតរន្ទះបាញ់ក្នុងរដ្ឋខាងលើដដែលដែរ ។
ដោយឡែកនៅរដ្ឋ Uttar Pradesh វិញមានមនុស្សចំនួន១៨នាក់ដែលក្នុងចំណោមអ្នកទាំងនោះភាគច្រើនជាកម្មករនៅកសិដ្ឋានត្រូវរន្ទះបាញ់ស្លាប់ ។ ខណៈអាជ្ញធរបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលកើតឡើងពីបាតុភូតធម្មជាតិនេះ ៕