ស្ទឹងត្រែង ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់បានប្រើប្រាស់អាវុធខ្លីបាញ់ សម្លាប់ស្ត្រីម្នាក់ទៀត រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយកាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅជ្រុងខាងកើតឈៀងខាងជើងផ្សារសាមគ្គីស្ទឹងត្រែង ជិតធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ភ្លាមៗនោះបន្ទាប់ពីទទួលបានព័ត៌មានពីករណីឃាតកម្មនោះ កម្លាំងសមត្ថកិច្ចខេត្ត បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះ និងជនបង្កហេតុ និងពីមូលហេតុដែលបណ្តាលឲ្យកើតឡើងនូវការបាញ់សម្លាប់គ្នានេះ ។
បើទោះបីយ៉ាងណាក្តីពាក់ព័ន្ធនឹងករណីផ្ទុះអាវុធបង្កជាអំពើឃាតកម្មខាងលើនេះ រហូតដល់ពេលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរនៅមិនទាន់អាចបញ្ជាក់មូលហេតុច្បាស់លាស់នៅឡើយទេ ដោយរងចាំធ្វើការត្រួតពិនិត្យស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីបន្តសិន ៕