ភ្នំពេញ៖ បន្ទាប់ពីបានឃើញក្មេងប្រុសកម្សត់ម្នាក់ដែលមានទឹកចិត្តតស៊ូក្នុងភាពលំបាក និងមានទឹកចិត្តកត្តញ្ញូចិញ្ចឹមម្តាយដែលមានសតិមិនគ្រប់ ពេលនេះស្រាប់តែលោកគឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP បានប្រកាសរកក្មេងកម្សត់នេះដើម្បីជួយឧត្ថម្ភ ។
ក្មេងកម្សត់ខាងលើនេះត្រូវបានមហាជនកោតសរសើរថាជាមនុស្សម្នាក់ដែលរឹងមាំ តស៊ូរកលុយចញ្ចឹមម្តាយសតិមិនគ្រប់ ដោយឳពុកចុះចេញទៅបាត់មិនដែលមកមើលថែប្រពន្ធ និងកូនៗនោះឡើយ ដែលក្មេងនេះត្រូវរកលុយចញ្ចឹមម្តាយផង និងចញ្ចឹមប្អូនពីនាក់ទៀតនៅក្នុងបន្ទុក ។ កុមារកម្សត់នេះដែលមានដៃជាប់ស្បែកដោយសាររលាកភ្លើងកាលពីពេលកន្លងទៅ ហើយត្រូវបានគេវាយពេលទៅជាជ័រកៅស៊ូម្តងៗ ។ បើទោះបីគ្មានអ្នកណាជូនគាត់មកពេទ្យក៏គាត់ឡើងមកម្នាក់ឯងមកជួបគ្រូពេទ្យដែលជួយព្យាលបាលឲ្យផងដែរ ដោយសារក្មេងប្រុសរូបនេះចង់បានដៃត្រង់ឡើងវិញមានកាយសមប្បទាដូចគេឯង ។
ដោយមើលឃើញអំពីភាពលំបាក និងចេះតស៊ូក្នុងជីវិតដោយទទួលបន្ទុកចិញ្ចឹមម្តាយ និងប្អូនៗធ្វើឲ្យលោកគឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP រំជួលចិត្តកើតក្តីមេត្តាសន្តោសប្រណី ដោយប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួនថា «កំលាំងមនុស្សធម៌ របស់ក្រុមហ៊ុនកាវវិទ្យាសាស្រ្ត រចនាGLUE VIP សូមចូលរួមជួយដល់ប្អូនប្រុសម្នាក់នេះ ដូច្នេះបើមានបងប្អូនណាស្គាល់ទីតាំងនិងកន្លែងប្អូនប្រុសម្នាក់នេះកំពុងសម្រាកព្យាបាល សូមទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយ:លេខទូរស័ព្ទ:089 35 05 27 គឹម មករា» ។
សូមជម្រាបថា មិនមែនតែពេលនេះនោះទេ ដែលលោកគឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP បានប្រកាសអំពីកម្លាំងទឹកចិត្តមនុស្សធម៌ កន្លងមកលោក និងក្រុមគ្រួសារតែជួយដល់អ្នកក្រខ្សត់ ទុរគត៌ខ្វះខាត់ជានិច្ចតាមលទ្ធភាពដែលអាចជួយបាន ដើម្បីចែករំលែកទឹកចិត្តសប្បុរសធម៌ ក្តីស្រលាញ់ និងចិត្តអាណិតមេត្តាដល់ជនរួមជាតិដែលរស់នៅក្រោមដំបូលសន្តិភាពនៃប្រទេសកម្ពុជាតែមួយជាមួយគ្នា ៕