កីឡាជាតិ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប៉ះជាមួយក្រុមកោះហ្គាំ (Guam) នៃវគ្គជម្រុះ Play-Off ខណៈក្រុមឆាយនីសតៃប៉ិត្រូវប៉ះជាមួយក្រុមឥណ្ឌូណេស៊ី ដើម្បីស្វែងរកក្រុមជ័យលាភីចំនួន២ក្រុមឡើងទៅប្រកួតនៅវគ្គចែកពូលជុំទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC ASIAN CUP CHINA 2023)។ នេះយោងតាមលទ្ធផលចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គជម្រុះ ដែលមាន៤ក្រុមនេះ ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សម្រាប់កាលបរិច្ឆេតនៃ២ប្រកួតនេះ គឺក្រុមកម្ពុជាប៉ះក្រុមហ្គាំ ខណៈក្រុមឥណ្ឌូនេស៊ីត្រូវជួបក្រុមឆាយនីសតៃប៉ិ សម្រាប់ជើងទី១នឹងធ្វើឡើង នាថ្ងៃទី៧ ខែកញ្ញា និងជើងទី២ ប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ខាងមុខ។
ក្រុមទាំង៤នេះមានចំណាត់ថ្នាក់ទាបជាងគេបំផុតក្នុងចំណាត់ថ្នាក់លេខ ៣៦ដល់៣៩នៃទ្វីបអាស៊ី ដែលត្រូវបាន AFC កំណត់ឲ្យប្រកួតជម្រុះ Play-off ដើម្បីស្វែងរក២ក្រុមជ័យលាភីឡើងទៅប្រកួតនៅនៅវគ្គចែកពូល ជុំទី៣។ បច្ចុប្បន្នមានក្រុមចំនួន២២បានឡើងទៅរួចជាស្រេចវគ្គចែកពូល ជុំទី៣នេះ ខណៈ២ក្រុមទៀតនឹងស្វែងរកចេញពីវគ្គ Play-off នេះ ដើម្បីបង្គ្រប់កៅអី២៤ក្រុម។ សម្រាប់ការប្រកួតវគ្គជម្រុះ ក្នុងពូលជុំទី៣ ដែលមាន២៤ក្រុមនឹងស្វែងរកក្រុមខ្លាំងចំនួន១១ក្រុមឡើងទៅប្រកួតវគ្គចែកពូលជុំផ្តាច់ព្រ័ត្រជាមួយក្រុមខ្លាំងៗរង់ចាំស្រាប់ចំនួន១៣ក្រុម សរុប២៤ក្រុមដែរ ដែលនឹងធ្វើឡើងនៅប្រទេសចិន នាឆ្នាំ២០២៣ ខាងមុខ។
បច្ចុប្បន្នមាន២២ក្រុមកំពុងឈរចាំនៅវគ្គចែកពូលជុំទី៣ រួមមានតាហ្ស៊ីគីស្ថាន, អ៊ូបេគីស្ថាន, គុយវ៉ែត, បារ៉ែន, តួកម៉េនីស្ថាន, ហ្ស៊កដានី, ប៉ាឡេស្ទីន, ម៉ាឡេស៊ី, ហ្វីលីពីន, កៀហ្ស៊ីស៊ីស្ថាន, ឥណ្ឌា, ថៃ, សិង្ហបុរី, ម៉ុហ្គោលី, អាហ្វហ្គានីស្ថាន, ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល់, មីយ៉ាន់ម៉ា, យេម៉ែន និងបង់ក្លាដេស។ ការប្រកួតជម្រុះជុំទី៣ នេះ គ្រោងធ្វើឡើងនាអំឡុងខែកុម្ភៈ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ដើម្បីស្វែងរកក្រុមចំណាត់ថ្នាក់ល្អ១១ក្រុម ធ្វើដំណើរទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២៣ នៅប្រទេសចិន។
ការគិតលើចំណាត់ថ្នាក់ AFC ASIAN Cup ឆ្នាំ២០២៣នេះ គឺគិតទៅលើការលទ្ធផលនៃការប្រកួតវគ្គជម្រុះ ក្នុងពូល FIFA World Cup កាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា សម្រាប់ក្រុមខ្លាំងៗ ដែលកំពុងរង់ចាំនៅជុំផ្តាច់ព្រ័ត្រចំនួន១៣ក្រុម រួមទាំងម្ចាស់ផ្ទះ ចិន ផងនោះ មានដូចជាក្រុមជម្រើសជាតិជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីជាដើម៕