ភ្នំពេញ៖ ក្រុមគ្រួសារបាត់កូនប្រុសខំប្រឹងដើរកអស់រយៈពេល៣ថ្ងៃមកហើយស្រាប់តែ ឮគេថាប្រជាពលរដ្ឋនេសាទនៅតាមដងទន្លេបានប្រទះឃើញសពបុរសម្នាក់អណ្តែតនៅក្នុងច្រាំងទន្លេ បាននាំគ្នាប្រញ៉ាប់ប្រញ៉ាល់ទៅមើលទាំងក្តីបារម្ភ និងរន្ធត់ចិត្តជាខ្លាំង ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
បើទោះបីយ៉ាងណាក្តីបន្ទាប់ពីបានទៅពិនិត្យយ៉ាងយកចិត្តទុកដាក់ហើយក្រុមគ្រួសារដែលដើររកកូននោះបានអះអាងថា មិនមែនជាបុរសរងគ្រោះដែលបានជិះម៉ូតូម៉ាកzomer មកលោតពចុះពីស្ពានច្បារអំពៅ កាលពីពេលថ្មីៗនេះទេ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សពអណ្តែតទឹកខាងលើនេះឈ្មោះកែវបូណាភេទប្រុស អាយុ២៥ ឆ្នាំ មុខរបនៅផ្ទះ មានទីលំនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ភ្លាមនោះ បន្ទាប់ពីបានពិនិត្យយកសំណាកសពធ្វើតេសរកវីរុសកូវីដ-១៩ ជាលទ្ធផលអវិជ្ជមាន សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕