ថៃ៖មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយដំរីមួយក្បាលបានធំក្លិនឈ្ងុយអាហារស្រាប់តែរត់បំបុកជញ្ជាំងចូលផ្ទះបាយ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តHau Hin ប្រទេសថៃ យប់រំលងអាធ្រាត្រកាលពីពេលថ្មីៗកន្លងទៅនេះ ដោយដោយប្រើប្រម៉ោយរបស់វាដើម្បីស្វែងរកចំណីអាហារក្នុងផ្ទះបាយ ។
បើតាមស្ត្រីម្នាក់ឈ្មោះ Rachadawan Phungprasopporn ដែលជាម្ចាស់ផ្ទះបានឲ្យដឹងថានៅពេលដែលជាសត្វដំរីមួយក្បាលមានឈ្មោះថា Plai Bunchuay បានចូលទៅក្នុងផ្ទះធ្វើឲ្យប្តីរបស់គាត់ស្ទុះភ្ញាក់ពីដំណេកភ្លាមៗ ព្រោះបានឮសួរសម្លេងគ្រាំងៗចេញពីផ្ទះបាយ ។ បន្ទាប់មកពីរនាក់ប្តីប្រពន្ធបានប្រញាប់ប្រញាលចុះមកមើលស្រាប់តែប្រទះឃើញដំរីនេះបានទម្លុះជញ្ជាំងបាក់ស្ទើរអស់ពាក់កណ្តាល និងដំរីនោះកំពុងទាញថង់អង្ករដាក់ចូលបាត់ ។
ទោះបីយ៉ាងណាក្តីស្ត្រីរូបនេះបានបញ្ចាក់ថា ដំរីមួយក្បាលនេះតែងតែមកអុកឡុកអ្នកភូមិនេះ ដោយកាលពីពេលកន្លងទៅផ្ទះនេះសត្វដំរីនេះបានមកម្តងរួចទៅហើយប្រមាណជា២ខែមុន ដោយគ្រាន់តែដើរមើលចុះឡើងតែប៉ុណ្ណោះ ប៉ុន្តែលើកនេះបែជាវាហ៊ានទម្លុះជញ្ជាំងយកចំណីស៊ី ។ ទន្ទឹននឹងនេះស្ត្រីរូបនេះក៏ព្រួយបារម្ភខ្លាំងផងដែរខ្លាចវាត្រឡប់មកម្តងទៀតហើយអាចបង្កបញ្ហាណាមួយនឹកស្មានមិនដល់ ៕