តាកែវ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅទី២៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅសាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីអំពើឃាតកម្ម គិតទុកជាមុន ដោយកាំកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខែមរៈ ភេទប្រុស អាយុ២៧ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង១០នាទី នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានទី១ឈ្មោះ ម៉ម សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ម៉ម សីហា ភេទប្រុស អាយុ១៩ឆ្នំា មានទីលំនៅភូមិឃុំជាមួយគ្នា និងទី៣ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើនេះបន្ទាប់ពីប្រព្រឹត្តបទល្មើសខាងលើហើយ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសដោយប្រើប្រាស់គ្រប់វិធានការជំនាញ រហូតឈានដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ទើបបង្ក្រាបជនសង្ស័យទាំង០៣នាក់ខាងលើបាន ។ ជនសង្ស័យបានសារភាពថា ពួកគេទាំង០៣ពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ពិតប្រាកដមែន ដោយសារជម្លោះពេលលេងបាល់ទះ ៕