បាត់ដំបង៖ ពិតជាមានសណ្តានចិត្តគួរកោតសរសើរខ្លាំងគ្រួសារមួយ នៅខេត្តបាត់ដំបង បានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីរៀបចំជាម្ហូបអាហារផ្តល់ជូនអ្នកខ្វះខាតមួយចំនួនដែលត្រូវការជាចាំបាច់ សម្រាប់ដោះស្រាយបានមួយគ្រាដោយឥតគិតថ្លៃ ដែលធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍មិនសរសើរមិនបាននោះឡើយដែលចេះជួយគ្នាក្នុងគ្រាក្របែបនេះ ។
បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Wai Phlong បានបង្ហោះអំពីសកម្មភាពសប្បុរសធម៌ ខាងលើនេះ ដែលអមដោយសារត្រឹមតែពាក្យមួយឃ្លាយ៉ាងខ្លីថា«អាហារមនុស្សធម៌ ផ្លូវលេខ3 ខាងត្បូងផ្សារណាត់ប្រហែល៣០០ម៉ែត្រ» ។ ថ្វីត្បិតតែពាក្យយ៉ាងខ្លីប៉ុន្តែពិតជាមានអត្ថន័យខ្លាំងណាស់នូវដំណឹងដ៏ល្អនេះសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតមួយចំនួននៅក្នុងតំបន់នោះ ។
សូមជម្រាបថា បន្ទាប់ពីឃើញសកម្មភាព និងសារនេះភ្លាម មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចាប់អារម្មណ៍នឹងទង្វើមនុស្សធម៌នេះ ដោយបាននាំគ្នាសែចែករំលែកបន្តដល់អ្នកផ្សេង និងបានចូលខំម៉ិនយ៉ាងព្រោងព្រាតផងដែរ ។ ក្នុងចំណោមមហាជនទាំងនោះគេសង្កេតឃើញគណនីហ្វេសប៊ុកមួយឈ្មោះ Nhaem Kosol បានចូលខំម៉ិនថា«ប្រពៃណីណាស់បង ដែលបានចែករំលែកសេចក្ដីសុខខ្លះ ដល់បងប្អូនប្រជាពលរដ្ឋយើង» ។ ក្រៅពីនេះនៅមានមហាជនជាច្រើនទៀតកោតសរសើរ និងប្រើពាក្យល្អៗក្នុងការលើកទឹកចិត្ត ៕