ស្ត្រីម្នាក់ឈ្មោះ Gaiyathiri Murugayan ជនជាតិសឹង្ហបុរី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានតុលាការជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំពីបទសម្លាប់ស្ត្រីជនជាតិមីយ៉ាន់ម៉ា ដែលជាអ្នកបម្រើតាមផ្ទះ ដោយប្រើវិធីរំលោភបំពានអស់រយៈពេលជាងមួយឆ្នាំ ដែលរួមមានការបង្អត់អាហារ ការធ្វើទារុណកម្ម រួមទាំងការវាយដំផង ។
បើតាមចម្លើយសារភាពរបស់ស្ត្រីខាងលើបានឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសមនុស្សឃាតលើនារីម្នាក់ឈ្មោះ Piang Ngaih Don ដែលមានអាយុ ២៤ ឆ្នាំជាអ្នកបម្រើការងារនៅផ្ទះអស់រយៈពេល១៤ខែ រហូតឈានដល់ការបាត់បង់ជីវិតកាលពីឆ្នាំ ២០១៦កន្លងទៅពិតប្រាកដមែន ។
សូមជម្រាបថា ពលករធ្វើការតាមផ្ទះក្នុងប្រទេសមួយចំនួននៅទ្វីបអាស៊ី ត្រូវបានគេរាយការណ៍ថា មានការកេងប្រវ័ញ្ច និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីម្ចាស់ផ្ទះ ដោយស្ថានភាពការងារមានភាពគ្រោះថ្នាក់ខ្លាំង។ ភាគច្រើននៃពលករធ្វើការតាមផ្ទះទាំងនោះ គឺជាស្រ្តីចំណាកស្រុក មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងនោះមានប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង ហ្វីលីពីន ជាដើមដោយទទួលបានផ្តល់ការការពារតិចតួចបំផុតពីច្បាប់សម្រាប់ពួកគេ ៕