ភ្នំពេញ៖ មានរថយន្តស៊េរីទំនើប Rolls Royce ពណ៌ស បើកបរក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ជិះឌុបគ្នា៤នាក់ ដែលកំពុងឆ្លងកាត់ផ្លូវបំបែកជាបួន បណ្តាលឲ្យរងរបួសបាក់ជើងទាំង៤នាក់ កាលពីម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបប៉េកាសេ ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង (ព្រំប្រទល់សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ) ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋអ្នកឃើញនូវហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់បើកម៉ូតូឌ្រីមសង់ (HONDA DREAM) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CT-6477 ដឹកយុវតីមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវអាស៊ានលេខ១១(ផ្លូវលេខ១១៤) ទិសដៅពីលិចមកកើត មកដល់ចំណុចកើតហេតុ ភ្លើងស្តុបចរាចរណ៍ពណ៌បៃតង ក៏បន្តដំណើរទៅត្រង់ (ទៅផ្លូវក្រមួនស) ឆ្លងកាត់ផ្លូវបំបែកជាបួន បានពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក ROLLS ROYCE ពណ៌ស (មិនចាំស្លាកលេខ) បានបើកបោះពួយតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ទិសដៅពីត្បូងមកជើង ឆ្លងកាត់ផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ហើយថែមទាំងបំពានភ្លើងស្តុបចរាចរណ៍ (ស្តុបក្រហម) ក៏ជ្រុលទៅបុកចំម៉ូតូខាងលើពេញមួយទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតប៉ើងបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរទាំង៤នាក់ (អ្នកបើកម៉ូតូរងរបួសធ្ងន់, យុវតីទី១(ពាក់អាវខ្មៅ) រងរបួសធ្ងន់បាក់ដៃនិងបាក់ជើងខាងស្ដាំ, យុវតីទី២ (ស្លៀកខោខ្លី) រងរបួសធ្ងន់បាក់ជើងខាងស្ដាំ និងបែកមុខបែកមាត់, និងយុវតីទី៣ (ខោអាវពណ៌ទឹកសមុទ្រ) រងរបួសធ្ងន់ធ្ងរ ផ្ដាប់មុខនឹងថ្នល់ បាក់ជើងខាងស្ដាំ បែកមុខបែកមាត់(សន្លប់ស្ដូកស្ដឹង) ហើយត្រូវបានសមត្ថកិច្ចនិងអ្នកឃើញហេតុការណ៍ទាក់ទងរថយន្តសង្គ្រោះគ្លីនិកឯកជន ២គ្រឿង មកដឹកជនរងគ្រោះយកទៅសង្គ្រោះជីវិតភ្លាមៗនៅឯមន្ទីរពេទ្យ ។
ប្រភពដដែលនេះបានឲ្យដឹងបន្តថា ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវ ឬរងចាំដោះស្រាយទេ បានព្យាយាមបើកបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុគេចខ្លួន ទៅត្រង់តាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើង និងមានអ្នកជួយដេញតាមដែរ តែតាមមិនទាន់ ក៏ត្រលប់មកប្រាប់សមត្ថកិច្ចនៅកន្លែងកើតហេតុវិញ គឺរថយន្តស៊េរីទំនើប ម៉ាក Rolls Royce ពណ៌ស (មិនចាំស្លាកលេខ) ។ តែមួយសន្ទុះធំក្រោយមក រថយន្តបង្កខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ប្រទះឃើញបើកទៅតាមផ្លូវកែវចិន្ដា ដោយមានហូរហៀរប្រេងតាមផ្លូវ រហូតចូលក្នុងភូមិគ្រឹះមួយកន្លែង ផ្ទះលេខ២៨២ ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយក៏បានផ្ដល់ដំណឹងជូនសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ចុះទៅពិនិត្យមើលហើយ ដោយខាងម្ចាស់ផ្ទះមិនបានបើកទ្វារផ្ដល់ព័ត៌មានអ្វីមកកាន់សមត្ថកិច្ចឡើយ ហើយពេលយប់ទៀត ទើបសមត្ថកិច្ចក៏ត្រលប់ទៅវិញបាត់អស់ទៅ ដោយរងចាំព្រឹកនេះ ទើបចុះទៅធ្វើការបន្ត ។
ភ្លាមៗនោះបន្ទាប់ពីកើតជនរងគ្រោះត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រីឯរថយន្តបង្កខាងលើ មិនទាន់ត្រូវបានសមត្ថកិច្ចឃាត់បាននៅឡើយ ដោយរងចាំព្រឹកថ្ងៃទី២៣មិថុនានេះ ទើបចុះទៅធ្វើការបន្ត រករថយន្តបង្កអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕