អាហ្វ្រិកខាងត្បូង៖ មនុស្សក្មេងចាស់ប្រុសស្រីជាង១,០០០នាក់ បាននាំគ្នាធ្វើដំណើរទៅកាន់ភូមិ KwaHlathi ស្ថិតក្នុងខេត្ដ KwaZulu-Natal នៃប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីទៅស្វែងរកដុំត្បូងដែលមិនទាន់ស្គាល់ម៉្យាង ដោយពួកគេជឿថាជាត្បូងពេជ្រដែលមានតម្លៃ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuter កាលពីពេលថ្មីៗកន្លងទៅនេះ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា ប្រជាជនអាហ្វ្រិកខាងត្បូងបានធ្វើដំណើរពីគ្រប់ទិសទី ដើម្បីទៅចូលរួមជាមួយអ្នកភូមិដែលជីកបានតាំងពីថ្ងៃសៅរ៍ ពោលគឺបុរសម្នាក់ជីកបានដុំនោះមុនដំបូងគេ ដែលអ្នកខ្លះជឿថាវាជាគ្រីស្ដាល់ (quartz crystals) ។ ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ អ្នកជីកម្នាក់ឈ្មោះ Mendo Sabelo អាយុ ២៧ឆ្នាំ បាននិយាយថា ការរកឃើញត្បូងពេជ្រនោះគឺជាការផ្លាស់ប្តូរជីវិតរបស់គាត់ ដោយសារតែពួកគាត់មិនមានអ្នកណាម្នាក់ ដែលមានការងារច្បាស់លាស់នោះទេ ។ ចំណែកប្រជាពលរដ្ឋម្នាក់ដែលជីកបានត្បូងនេះបាននិយាយថា«ខ្ញុំមិនដែលបានឃើញ ឬប៉ះត្បូងពេជ្រនោះទេ នៅក្នុងជីវិតរបស់ខ្ញុំ ហើយនេះជាលើកទីមួយហើយ ដែលខ្ញុំប៉ះវា»។
ពាក់ព័ន្ធនឹងករណីនេះខាងនាយកដ្ឋានមីនបានលើកឡើងថា ក្រុមដែលមានជំនាញខាងភូគព្ភសាស្ត្រ និងរ៉ែត្រូវបានបញ្ជូនទៅកន្លែងនោះដើម្បីប្រមូលសំណាក និងធ្វើការវិភាគ ។ ហើយអាជ្ញាធរខេត្ដក៏បានស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ចាកចេញពីកន្លែងនោះ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ខណៈពេលមានការបារម្ភថា ប្រជាជនដែលទៅជីកនៅទីតាំងនោះ អាចនឹងឆ្លងជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីយ៉ាងណាក្តីពាក់ព័ន្ធបញ្ហានេះត្រូវបានគេរាយការណ៍ថា អ្នកខ្លះបានលក់ត្បូងដែលជីកបាននោះក្នុងតម្លៃចាប់៧.២៩ដុល្លារ ទៅ ២១.៨ ដុល្លារ ៕