ឥណ្ឌា៖ បុរសឥណ្ឌាម្នាក់ដែលគេបានផ្តល់នាមដល់គាត់ថា «អ្នកចម្បាំងកូវីដ» ដោយសារតែរូបគាត់ បានជួយចូលរួមចំណែកជួយបូជាសពអ្នកជំងឺកូវីដ-១៩ ចំនួន១,៣០០នាក់។ តែទីបំផុត គាត់ក៏បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ដែរ បន្ទាប់ពីគាត់មិនអាចទទួលបានការព្យាបាល និងគ្មានគ្រែនៅមន្ទីរពេទ្យ ។
បុរសអ្នកចម្បាំងរូបនេះ មានឈ្មោះថា Chandan Nimje អាយុ៦៧ឆ្នាំ ហើយកាលនៅមានជីវិត គាត់បានអបអរសាទរដោយអភិបាលក្រុង Nagpur ដែលគាត់ហ៊ានប្រថុយជីវិត ដើម្បីធ្វើពិធីចុងក្រោយសម្រាប់ជនរងគ្រោះរាប់រយនាក់នៃជំងឺរាតត្បាតកូវីដ-១៩។ ជាមួយគ្នានេះបុរសរូបនេះបានធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្ត នៅពេលដែលសមាជិកគ្រួសារជាច្រើន មិនហ៊ានចូលទៅក្បែរសពជាទីស្រលាញ់របស់ពួកគេ ដែលបានស្លាប់ដោយសារជំងឺនេះ។
បើតាមសារព័ត៌មាន The Times of India បានឲ្យដឹងថា បន្ទាប់ពីចូលរួមបូជាសពអស់រយៈពេលជាងមួយឆ្នាំមកនេះ គាត់បានឆ្លងជំងឺកូវីដ-១៩ និងមានការពិបាករកគ្រែសម្រាប់សម្រាកព្យាបាលយ៉ាងខ្លាំងនៅមន្ទីរពេទ្យ ។ គ្រួសាររបស់គាត់ ត្រូវបានបង្ខំចិត្តចំណាយប្រាក់សន្សំទាំងអស់ ដើម្បីយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប៉ុន្ដែពួកគេមិនអាចជួយសង្គ្រោះបានឡើយគាត់បានស្លាប់បាត់បងជីវិត ។ ចំណែកកូនប្រុសរបស់គាត់ ក៏បានស្លាប់ដោយសារជំងឺនេះផងដែរ ៕