ភ្នំពេញ៖ ជនសង្ស័យជាឃាតករសម្លាប់ប្រពន្ធយកសពទៅផ្លុងចោល ហើយរត់គេចគេចខ្លួនបានរយៈពេលតែប៉ុន្មានថ្ងៃត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ។
បើតាមលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីនៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងដើម្បីយកមកកសាងសំណុំរឿងអនុវត្តតាមនីតិ វិធី ។
ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់មកក្រោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃនេះទើបកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបាន ។
គួររំឮកថាករណីឃាត់កម្មនេះបានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសជាប្ដី បានយកកាំបិតកាប់ និងកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោល នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូតខេត្តបាត់ដំបង ។ លុះថ្ងៃទី១១ ខែឆ្នាំដដែល មានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ ៕