កីឡាជាតិ៖ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Ryu Hirose បានលើកឡើងថា វាជាការប្រកួតដ៏តានតឹងបំផុតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ កាលពីជើងទី១ កម្ពុជាបានប្រកួតចាញ់អ៊ីរ៉ង់ ០ទល់១៤។ តែទោះយ៉ាងណាយើងនឹងមិនផ្លាស់ប្តូរទម្រង់លេងរបស់យើង ដែលព្យាយាមរក្សានូវការគ្រប់គ្រងបាល់នៅតំបន់លើ ដូចគ្នានឹងអ្វីដែលយើងបានធ្វើ២ប្រកួតកន្លងមកជាមួយម្ចាស់ផ្ទះ បារ៉ែន និងក្រុមអ៊ីរ៉ាក់។
នេះជាការលើកឡើងរបស់លោក Ryu Hirose នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅប្រទេសបារ៉ែន មុនការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលជា១ប្រកួតចុងក្រោយនៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៃវគ្គជម្រុះក្នុងពូល C ជុំទី២ នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022)។
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមកម្ពុជា ដែលនៅជាប់ផ្ទាល់ជាមួយក្រុមកម្ពុជា នៅប្រទេសបារ៉ែននាពេលនេះក៏បានលើកឡើងនូវទស្សនៈខ្លួនជាបន្តបន្ទាប់ដែរថា កាលពីជួបជាមួយក្រុមអ៊ីរ៉ាក់ ដែលកម្ពុជាចាញ់ ១ទល់៤ គឺកម្ពុជាធ្វើបានល្អ នៅវគ្គទី១ ហើយបានបង្កើតឱកាសស្វែងរកគ្រាប់បាល់បាន១គ្រាប់នៅវគ្គទី២ ប៉ុន្តែយើងនៅមានចំណុចខ្វះខាតច្រើនដែរ ដូច្នេះអ្វីដែលយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់នោះ គឺចំណុចវិជ្ជមាន ក៏ដូចជាចំណុចខ្វះខាតរបស់យើង ក្នុងការប្រកួត ដើម្បីកែលម្អសម្រាប់ការរីកចម្រើនទៅមុខទៀត។ បារ៉ែនជាក្រុមខ្លាំង អ៊ីរ៉ាក់ខ្លាំងបារ៉ែន ហើយអ៊ីរ៉ង់ខ្លាំងអ៊ីរ៉ាក់ទៅទៀត។ ក្នុងនាមកីឡាករ យើងគួរតែរីករាយ ដែលយើងមានឱកាសលេងជាមួយក្រុមខ្លាំងៗបែបនេះ។
សូមបញ្ជាក់ថា ជំនួបរបស់ក្រុមកម្ពុជា និងអ៊ីរ៉ង់ នៅយប់ថ្ងៃសុក្រនេះ គឺជាជំនួបចុងក្រោយក្នុងពូល C វគ្គជម្រុះជុំទី២របស់កម្ពុជាហើយ ដោយឆ្លងកាត់៧ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៦ប្រកួត ហើយតាមការគ្រោងទុក ក្រុមកម្ពុជានឹងវិលត្រឡប់ពីការប្រកួតនៅទឹកដីកណ្តាល ប្រទេសបារ៉ែន មកកាន់មាតុភូមិរបស់ខ្លួនវិញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១៕