កីឡាជាតិ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
មានប្រសាសន៍ផ្តល់ខ្លឹមសាររួមក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានអនុញ្ញាតឲ្យគណៈកម្មការជំនាញមួយនេះបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួន ដោយបានបែងចែកប្រព័ន្ធគ្រប់គ្រងហ្គេមតាមរយៈបច្ចេកវិទ្យា ដែលនេះគឺជាផ្នែកមួយដ៏សំខាន់នៃចរន្តមួយ ដែលធ្វើឲ្យខ្លឹមសារ ទិន្នន័យអាចរក្សាបានប្រកបដោយភាពហ្មត់ចត់។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ឯកឧត្តមបណ្ឌិត ថោង ខុន ក្រោមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញ ឲ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ធ្វើយ៉ាងណាឲ្យសម្រួចកិច្ចការរបស់ខ្លួនរៀបចំឲ្យទាន់ពេលវេលា នៅត្រឹមឆ្នាំ២០២១ យើងរៀបចំឯកសារគតិយុត្តិ ឯកសារបច្ចេកទេសទាំងអស់ រួមទាំងការរៀបចំធនធានមនុស្សឲ្យបានរួចរាល់ ហើយនៅឆ្នាំ២០២២យើងត្រូវត្រៀមលក្ខណៈគ្រប់ទម្រង់ទាំងអស់ឲ្យបានរួចរាល់ទាំងអស់។ ដូច្នេះហើយក្នុងឆ្នាំ២០២១នេះ យើងឃើញថា គ្រប់គណៈកម្មការជំនាញរបស់ខ្លួនទាំងអស់កំពុងខិតខំធ្វើការងារតាមជំនាញរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ យកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឲ្យផែនការស្របឆ្ពោះទៅតាមគោលដៅរបស់ខ្លួន។ «ដូច្នេះ ហើយកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) នេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការមេរបស់ខ្លួន ដើម្បីដាក់សំណើរផែនការសកម្មភាពជូនដល់សម្តេចពិជ័យសេនាប្រធាន CAMSOC អនុម័តនាពេលខាងមុខ»។
ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យានេះមានសារៈសំខាន់ណាស់ ដែលយើងអាចបញ្ជូលទៅក្នុងទិន្នន័យអំពីប្រភេទកីឡា ចំនួនកីឡាករ ចំនួនភ្ញៀវ និងទិន្នន័យបច្ចេកទេស គឺនឹងមាននៅក្នុងនេះទាំងអស់ ដែលវានឹងផ្តល់ភាពងាយស្រួល។ នេះគឺជាបញ្ហាគន្លឹះ ក្នុងការគ្រប់គ្រងដឹកនាំនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាយើង ដោយការគ្រប់គ្រងដឹកនាំខាងក្រៅ ហៅថាការគ្រប់គ្រងដឹកនាំដោយវិសាលភាព នៃទិដ្ឋភាពខាងក្រៅ រីឯការគ្រប់គ្រងដឹកនាំផ្នែកខាងក្នុង គឺក្រុមព័ត៌មានវិទ្យានេះហើយៗការគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យាជារបៀបរបបនៃការទទួលធ្វើម្ចាស់ផ្ទះ នៅក្នុងការប្រកួតហ្គេម ដូចជាការប្រកួតអូឡាំពិកហ្គេម កីឡាអាស៊ី និងស៊ីហ្គេម ជាដើមនេះ គឺគេធ្វើដូចគ្នាដូច្នេះដែរ ដែលងាយស្រួលក្នុងការផ្សព្វផ្សាយផង និងងាយស្រួលក្នុងការគ្រប់គ្រងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ផងដែរ ដែលរាល់អត្តសញ្ញាណនៃអ្នកចូលរួមទាំងអស់គឺស្ថិតនៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះទាំងអស់៕