ឥណ្ឌា ៖ អគ្គីភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះរោងចក្រគីមីមួយកន្លែង នៅ ជាយទីក្រុង Pune ភាគខាងលិចប្រទេសឥណ្ឌា បានផ្តាច់យកជីវិតមនុស្សចំនួន១៨នាក់ ចណែកកម្មករប្រមាណ៣៧នាក់ បានជាប់ក្នុងអាគារ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ។
បើតាមក្រុមមន្ត្រីជំនាញបានឲ្យដឹងថា ភ្លាមៗនោះក្រុមពន្លត់អគ្គិភ័យបានវាយបំបែកជញ្ជាំងរោងចក្រ ដើម្បីជួយសង្គ្រោះជីវិត ជនរងគ្រោះដែលជាប់នៅក្នុងអាគារ ។ ប៉ុន្តែចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ។
រោងចក្រគីមីនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SV Aqua Technologies ដែលជាក្រុមហ៊ុនផលិតផលក្លរីនឌីអុកស៊ីត ដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងដំណើរការចម្រោះទឹកកង្វក់ ។
ពាក់ព័ន្ធនឹងករណីនេះលោកណារ៉េនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានសម្តែងការចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់កម្មករ និងបានប្រកាសប្រាក់ផ្តល់ប្រាក់សំណងចំនួន២,៨០០ដុល្លារ សម្រាប់គ្រួសារអ្នកស្លាប់ ។ ហើយលោកក៏សន្យាផ្តល់ប្រាក់សំណងចំនួន៦៩០ដុល្លារ សម្រាប់អ្នករងរបួស ។ ជាមួយគ្នានេះរដ្ឋាភិបាលនៃរដ្ឋ Maharashtra ដែលជាកន្លែងរោងចក្ររងការឆាបឆេះនោះ ក៏បានប្រកាសផ្តល់ប្រាក់សំណងចំនួន៦,៨០០ដុល្លារ ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ៕