រ៉ង់ហ្គូន៖ ភាគីមីយ៉ាន់ម៉ាមានបំណងធ្វើការងាររួមគ្នាជាមួយអាស៊ាន ដើម្បីរក្សាស្ថិរភាព នៅក្នុងស្រុក និងអនុវត្តតាមគោលការណ៍កុងសង់ស៊ីស (consensus)។ នេះបើយាមសម្តីរបស់លោក មីន អោងហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាក្នុងជំនួបពិភាក្សាការងារជាមួយអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Chen Hai ក្នុងទីក្រុងណៃពិដោរ កាលពីថ្ងៃសៅរ៍ ដែលបានចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ។
លោក មីន អោង ហ្លេងបានបន្តថា ភាគីមីយ៉ាន់ម៉ាមានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ស្ថិរភាពជាតិ, កំណើនសេដ្ឋកិច្ច និងការរស់នៅដ៏ប្រសើររបស់ប្រជាជនមីយ៉ាន់ម៉ា ព្រមទាំងថែរក្សាប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ ជាការឆ្លើយតប អគ្គរដ្ឋទូតចិន លោក Chen Hai ក៏បានបញ្ជាក់ផងដែរថាចិននឹងបន្តដើរតួនាទីប្រកបដោយលក្ខណស្ថាបនា ពាក់ព័ន្ធនឹងអ្វីដែលលោក មីន អោង ហ្លេង បានលើកឡើង ។
សូមជម្រាបថា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូ ជី កាលពីខែកុម្ភៈកន្លងទៅនេះ ដោយបានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២០ បានរុញឲ្យប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវររូមទាំងសេដ្ឋកិច្ចផងដែរដែលមានគារធ្លាក់ចុះ ។ ក្រៅពីនេះមានមនុស្សប្រមាណជាង ៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់យោធាប្រឆាំងនឹងចលនាទាមទារលទ្ធិប្រជាធិបតេយ្យ និងការដោះលែងលោកស្រី អោង សាន ស៊ូ ជី ៕