ភ្នំពេញ ៖ បុរសជាប្តីម្នាក់បានប្រទះឃើញសពប្រពន្ធស្លាប់ក្នុងទឹកទន្លេកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅម្តុំខាងកើតផ្សារកណ្តាល ចំណុចមាត់ទន្លេ ខាងកើតផ្សារកណ្តាល ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
បើតាមមន្ត្រីនរគបាលដែលបានចុះទៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ទួន សុផាន អាយុ៣៤ឆ្នាំ មាននៅម្តុំផ្សារតូច មានស្រុកកំណើតនៅភូមិរការជ្វា ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (មានកូន២នាក់) បុរសជាប្តីឈ្មោះ យ៉ន ផល អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់អគារមួយកន្លែងក្បែរកន្លែងកើតហេតុ ។
បើតាមបុរសជាប្តីរបស់ស្ត្រីខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួចទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាមកអង្គុយលេងក្រោមដើមឈើលើខឿនថ្មមាត់ទន្លេ ដោយបុរសជាប្តីក៏បានដើរទៅមើលកន្លែងការងាររបស់គាត់បាត់ទៅ ដោយនៅតែស្ត្រីជាប្រពន្ធនៅម្នាក់ឯង ។ ពេលដែលបុរសជាប្តីទៅកន្លែងធ្វើការមួយភ្លែត ហើយត្រឡប់មកវិញក៏ស្រាប់តែបាត់ប្រពន្ធមិនឃើញដោយមានការសង្ស័យក៏បានដើរចុះទៅរកមើលនៅក្នុងទឹកទន្លេ ក៏ស្រាប់តែបានឃើញនាងនៅក្នុងទឹកក៏បានស្រវ៉េស្រវ៉ាស្រង់លើកឡើងមកលើគោក ទើបបានដឹងថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ និងរត់ទៅប្តឹងកម្លាំងមានសម្ថកិច្ចមូលដ្ឋានឱ្យបានដឹងពីរឿងនេះ ហើយក៏បានឃាត់ខ្លួនបុរសជាប្តីយកទៅកាន់នគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ ដើម្បីធ្វើការសាកសួរតែម្តង ។
ប្រភពដដែលនេះបន្តថា ជារៀងរាល់ថ្ងៃទាំង២នាក់ ប្តីប្រពន្ធ តែងតែបាននាំគ្នាមកអង្គុយផឹកស្រានៅលើខឿនថ្មមាត់ទន្លេម្តុំនេះ និងចុះមុជទឹកជារៀងរាល់ថ្ងៃលុះដល់ពេលនេះទំនងជានាងស្រវឹងស្រាខ្លាំងចុះមុជទឹក ទើបបណ្តាលឱ្យលង់ទឹកស្លាប់បែបនេះតែម្តងទៅ ។
បន្ទាប់ពីកើតហេតុកម្លាំងមានសម្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញធ្វើការសហការជាមួយ និងកម្លាំងការិយាល័យនគរបាលជំនាញកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យទៅលើសាកសពរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា «ជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារតែលង់ទឹក ព្រោះនាងជាមនុស្សផឹកស្រាជាប្រចាំ»ផងដែរទើបបានប្រគល់ឱ្យអោយបុរសជាប្តី និងក្រុមគ្រួសារទៅធ្វើបុណ្យទៅតាមប្រពៃណី ៕