ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះគង់ គឹមស៊ុន អាយុ 48ឆ្នាំមានមុខរបរជាអ្នករត់ម៉ូតូកង់បី(ឡាំប៊្រីដា) ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង ជាប្រភេទរថយន្តសណ្ដោងទូរកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3B 7425ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្នុងក្រុមហ៊ុនផែស្ងួតតេងឡាយ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូឡាំប៊្រីដាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IM 5598បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន ស្រាប់តែជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕